ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា ទីក្រុងតេអេរ៉ង់ (រដ្ឋាភិបាលអ៊ីរ៉ង់) នឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយនៅក្នុងតំបន់លក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាស ក្នុងការលក់ប្រេងនេះ។

លោកបានសរសេរនៅលើបណ្តាញសង្គម Xថា៖«នៅក្នុងតំបន់ដែលយើងមិនអាចលក់ប្រេងបាន គ្មាននរណាម្នាក់ អាចលក់បានដែរ។ ប្រសិនបើសន្តិសុខរបស់យើង មិនត្រូវបានធានា នោះគ្មានហេដ្ឋារចនាសម្ព័ន្ធណាមួយនៅក្នុងតំបន់ អាចមានសុវត្ថិភាពឡើយ។ សន្តិសុខនៅក្នុងច្រកសមុទ្រហ័រមូស អាចកើតមានបាន លុះត្រាតែមិនមានកងកម្លាំងអាមេរិកនៅទីនោះ»។
លោក Ghalibaf បានសរសេរទៀតថា៖ «សមីការនៃជម្លោះនេះ» គឺ«មានអ្វីទាំងអស់ ឬ គ្មានអ្វីទាំងអស់»។
ការកើនឡើងភាពតានតឹងថ្មីៗក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើម នៅថ្ងៃទី ០៨ ខែកក្កដា។ ជាលើកដំបូងចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ សហរដ្ឋអាមេរិក បានបើកការវាយប្រហារជាច្រើនលើកទៅលើទឹកដីសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ដោយអះអាងថា វាជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មមួយនៅច្រកសមុទ្រហ័រមូស។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់។ ជាផ្នែកមួយនៃសកម្មភាពសងសឹករបស់ខ្លួន អ៊ីរ៉ង់បានចាប់ផ្តើមវាយប្រហារលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា រួមមាន បារ៉ែន ហ្សកដានី កាតា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអូម៉ង់៕
