នាថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីបានប្រាប់សហរដ្ឋអាមេរិកកុំឱ្យដឹកជញ្ជូនអាវុធទៅអ៊ុយក្រែន ព្រោះវាគឺជាអ្វីដែល «មិនអាចទទួលយកបាន» ឡើយ។
នៅក្នុងកិច្ចប្រជុំជាមួយសមភាគីអាមេរិករបស់លោក គឺលោក Marco Rubio នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov «បានសង្កត់ធ្ងន់ថា វាមិនអាចទទួលយកបានឡើយ ក្នុងការបន្តផ្គត់ផ្គង់អាវុធដល់របបទីក្រុងគីវ»។
ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំរបស់ពួកលោក ដែលត្រូវបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ី លោក Lavrov បានថ្កោលទោស «គោលនយោបាយបង្កអស្ថិរភាពដោយបណ្ដាប្រទេសអឺរ៉ុប ដែលនៅតែកំពុងប្រឹងប្រែងផ្ដល់ភាពបរាជ័យជាយុទ្ធសាស្ត្រដល់រុស្ស៊ី»។
លើសពីនេះទៀត លោកបានលើកឡើងជាថ្មីម្តងទៀតថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ «ដំណោះស្រាយនយោបាយ-ការទូត ចំពោះជម្លោះ»។ នេះបើយោងតាមក្រសួងការបរទេស។
គួរបញ្ជាក់ថា ជំនួបនេះ ដែលជាលើកដំបូង រវាងលោក Lavrov និងលោក Rubio គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ បានកើតឡើងនៅពេលដែលការផ្តោតរបស់ទីក្រុងវ៉ាស៊ីនតោន បានប្តូរពីការសម្របសម្រួល នៅអ៊ុយក្រែន ទៅជាការដោះស្រាយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាវិញ៕

