នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ថៃ លោក Anutin Charnvirakul នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បានថ្កោលទោសការវាយប្រហារប្រដាប់អាវុធ នៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស ដែលខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ និងគប់គ្រាប់បែកកែច្នៃ នៅឯប៉ុស្តិ៍ត្រួតពិនិត្យ កាលពីថ្ងៃពុធ ដោយបានបណ្ដាលឱ្យទាហានប៉ារ៉ា ៥នាក់ស្លាប់។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Ratchada Thanadirek បានឱ្យដឹងថា លោក Anutin បានហៅការវាយប្រហារនេះថា «ជាទង្វើភេរវកម្ម» ហើយបានបញ្ជាឱ្យអាជ្ញាធរតាមចាប់អ្នកដែលត្រូវទទួលខុសត្រូវ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Ratchada បានបញ្ជាក់ថា យុទ្ធនាការភេរវកម្ម កំពុងធ្វើឱ្យប៉ះពាល់ដល់ការចរចាសន្តិភាព ហើយរដ្ឋត្រូវតែបង្កើនល្បឿនប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ និងពង្រឹងវិធានការការពារ សម្រាប់មន្ត្រី។
លោកស្រីបានសង្កត់ធ្ងន់ថា ការវាយប្រហារនេះពិតជាបង្កើតបានជាអំពើភេរវកម្មដែលមានគោលបំណងសម្លាប់មន្ត្រីរដ្ឋ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ហើយរដ្ឋាភិបាល នឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតឱ្យជនល្មើសរួចផុតពីការជាប់ទោសឡើយ។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិធ្វើដំណើរទៅកាន់ខេត្ត Narathiwat ដើម្បីតាមដានស្ថានការណ៍ ត្រួតពិនិត្យប្រតិបត្តិការរបស់មន្ត្រី និងជួបជាមួយភ្នាក់ងារសន្តិសុខ ក្នុងគោលបំណងស្វែងរកវិធានការទាំងបន្ទាន់ និងរយៈពេលវែង ដើម្បីទប់ស្កាត់ និងដោះស្រាយអំពើភេរវកម្ម នៅក្នុងខេត្តព្រំដែនភាគខាងត្បូង ខណៈពេលដែលណែនាំអង្គភាពទាំងអស់ឱ្យធានា និងគាំទ្រដល់ប្រជាជន ក្នុងតំបន់៕

