បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបដិសេធការអះអាងរបស់អ៊ីរ៉ង់ដែលថា ខ្លួនមានការគ្រប់គ្រងពេញលេញលើការចូល និងចេញទៅកាន់ច្រកសមុទ្រហ័រមូស។
CENTCOM បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា៖«អ៊ីរ៉ង់មិនបានគ្រប់គ្រងច្រកសមុទ្រហ័រមូសទេ។ ផ្លូវទឹកអន្តរជាតិនៅតែបើកចំហសម្រាប់ការឆ្លងកាត់ ដោយមិនមានការគំរាមកំហែង និងការវាយប្រហាររបស់កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC)ទេ។ នាវាពាណិជ្ជកម្មនៅតែបន្តប្រើប្រាស់ច្រកសមុទ្រនេះដោយមានការគាំទ្រពីយោធាអាមេរិក។ ចាប់តាំងពីដើមខែឧសភាមក កងកម្លាំងអាមេរិកបានជួយនាវាជាង ៩០០ គ្រឿង ឆ្លងកាត់ច្រកសមុទ្រនេះ»។
នាពេលថ្មីៗនេះ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ លោក Hossein Mohebbi បានព្រមានក្រុមហ៊ុនដឹកជញ្ជូនថា ការប្រើប្រាស់ផ្លូវភាគខាងត្បូងឆ្លងកាត់ច្រកសមុទ្រហ័រមូស គឺមិនមានសុវត្ថិភាព ដោយសារតែមីនត្រូវបានដាក់នៅក្នុងតំបន់នោះ៕


