ទីភ្នាក់ងារសង្គ្រោះបន្ទាន់ បានឱ្យដឹងថា កាលពីថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ២០២៦) ទីក្រុងតូក្យូបានកត់ត្រាពីការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យច្រើនបំផុតប្រចាំថ្ងៃ ដែលទាក់ទងនឹងកម្ដៅ គិតចាប់តាំងពីឆ្នាំ២០១០ ខណៈដែលប្រទេសជប៉ុនកំពុងជួបប្រទះនឹងរលកកម្ដៅក្ដៅខ្លាំង ដោយមានមនុស្សម្នាក់ស្លាប់ និង ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
នាយកដ្ឋានអគ្គិភ័យទីក្រុងតូក្យូ (Tokyo Fire Department) បានបញ្ជាក់ថា មនុស្ស ៤៥៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី២២ ខែកក្កដា ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត គីតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមមាននៅឆ្នាំ២០១០។ ចំនួនដងដែលសេវាកម្មសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយ នៅថ្ងៃនោះ ក៏បានឈានដល់កម្រិតខ្ពស់បំផុតជាលើកដំបូងផងដែរ ក្នុងរយៈពេល ៦៣ឆ្នាំ។
នៅថ្ងៃទី២៣ ខែកក្កដានេះ អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យ បានប្រាប់សារព័ត៌មាន AFP ថា៖ «យើងកំពុងជំរុញឱ្យប្រជាជនរក្សាជាតិទឹក និងប្រើប្រាស់ម៉ាស៊ីនត្រជាក់»។ អ្នកនាំពាក្យរូបនេះបានឱ្យដឹងទៀតថា៖ «វាហាក់ដូចជាចំនួន (អ្នកជំងឺ) បានកើនឡើងនៅពេលដែលសីតុណ្ហភាពឡើងខ្ពស់។ វាហាក់ដូចជាថ្ងៃម្សិលមិញ (ទី២២ ខែកក្កដា) និងម្សិលម្ង៉ៃ យើងពិតជាបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់»។
លោកបានបន្ថែមថា មនុស្សម្នាក់បានបាត់បង់ជីវិត ដោយ ៤នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ និង ១៨នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងខេត្តតូក្យូ ជាទីដែលមានប្រជាជនប្រហែល ១៤លាននាក់។
នៅថ្ងៃដដែលនោះ ទីតាំងចំនួន៤ ដោយមួយនៅក្នុងតំបន់ Mie ពីរនៅ Gifu និងមួយនៅ Shizuoka បានមានសីតុណ្ហភាពលើសពី ៤០អង្សាសេ។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។
នៅដើមឆ្នាំ២០២៦ ប្រទេសជប៉ុនបានណែនាំនូវពាក្យថ្មីមួយ ដើម្បីពិពណ៌នាអំពីកម្ដៅលើសពី ៤០អង្សាសេ ដែលហៅថា «Kokushobi» ដែលបកប្រែថា «ថ្ងៃក្តៅខ្លាំងស្ទើរទ្រាំមិនបាន»។ ពាក្យថ្មីនេះត្រូវបានបង្កើតឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនកាន់តែច្រើន ចំពោះការព្រមានទាក់ទងនឹងកម្ដៅ ទោះបីជាវាមិនបង្កឱ្យមានវិធានការផ្លូវការណាមួយនៅទូទាំងប្រទេសក៏ដោយ៕

