រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះថា អ៊ីរ៉ង់នឹងបន្តខាតបង់ធ្ងន់ធ្ងរ រហូតដល់ប្រទេសនេះ «ភ្ញាក់រលឹក» ឡើងវិញ ដោយបន្ថែមថា ទីក្រុងតេអេរ៉ងហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ ដើម្បីធ្វើកិច្ចព្រមព្រៀងម្តងទៀត។
ការអត្ថាធិប្បាយរបស់លោកបានកើតឡើង ខណៈដែលសហរដ្ឋអាមេរិកបន្តការវាយប្រហារជាបន្តបន្ទាប់លើអ៊ីរ៉ង់ ដោយប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់ការសន្យាយ៉ាងម៉ឺងម៉ាត់កាលថ្ងៃពុធថា នឹងបំផ្លាញស្ពាន ឬទីតាំងថាមពលរបស់អ៊ីរ៉ង់ រាល់ពេលដែលអ៊ីរ៉ង់វាយប្រហារនាវា ១គ្រឿង នៅច្រកសមុទ្រ Hormuz។
អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក Rubio បានបញ្ជាក់ថា៖ «អ៊ីរ៉ង់កំពុងអង្វរយើង ទាំងដោយផ្ទាល់ និងដោយប្រយោល។ សូមធ្វើកិច្ចព្រមព្រៀងជាមួយគ្នា។ សូមជជែកពិភាក្សាជាមួយគ្នា។ សូមជជែកពិភាក្សាជាមួយគ្នា។ អ៊ីរ៉ង់កំពុងអង្វរយើងជារៀងរាល់ថ្ងៃ។ បញ្ហាជាមួយអ៊ីរ៉ង់ គឺរាល់ពេលដែលពួកគេធ្វើកិច្ចព្រមព្រៀង អ្នកដែលទទួលបន្ទុក នៅទីនោះ បើពួកគេមិនរំលោភបំពានទេ ក៏ពួកគេចង់ផ្លាស់ប្តូរវាដែរ។ ដូច្នេះ វាហាក់ដូចជាពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើកិច្ចព្រមព្រៀង»។
លោកបានសង្កត់ធ្ងន់ថា៖ «ការខាតបង់នឹងបន្តកើនឡើងជារៀងរាល់យប់ ប្រសិនពួកគេមិនភា្ញក់រលឹកឡើងវិញទេនោះ»។ ហើយជាមួយគ្នានេះ លោកបានបញ្ជាក់ជាថ្មីថា ផលប្រយោជន៍ចម្បងរបស់សហរដ្ឋអាមេរិក គឺចង់ឱ្យអ៊ីរ៉ង់គ្មានអាវុធនុយក្លេអ៊ែរ ដោយបន្ថែមថា ទោះបីជាមាន «ការនិយាយបែបខ្លាំងក្លា» ពីសំណាក់អ៊ីរ៉ង់ក៏ដោយ ក៏ពួកគេកំពុងរងទុក្ខវេទនាខ្លាំងណាស់៕