រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់បរ្ទេសបារាំង ចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្នុងអំឡុងពេលជួបពិភាក្សាជាមួយរដ្ឋអាជ្ញារងរបស់ ICC គឺលោក Mame Mandiaye Niang។ នេះបើយោងតាមការឱ្យដឹងពីក្រសួងការបរទេស កាលពីថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ២០២៦)។
យោងតាមក្រសួង បានឱ្យដឹងថា លោក Barrot និងលោក Niang បានពិភាក្សាអំពីនីតីវិធីស៊ើបអង្កេត និងចោទប្រកាន់របស់ការិយាល័យរដ្ឋអាជ្ញា ដែលក្រសួងបានពិពណ៌នាថា «មានសារៈសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព ចំពោះការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌអន្តរជាតិធ្ងន់ធ្ងរបំផុត»។
ក្នុងជំនួយនោះ លោក Barrot បានបញ្ជាក់ជាថ្មីនូវ «ការគាំទ្រយ៉ាងពេញទំហឹង» របស់បារាំង ចំពោះ ICC ដោយចាត់ទុកស្ថាប័ននេះថា ជា «តុលាការព្រហ្មទណ្ឌអន្តរជាតិអចិន្ត្រៃយ៍តែមួយគត់របស់ពិភពលោកដែលមានបេសកកម្មជាសកល» និងជា «សសរស្តម្ភនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ»។
ហើយបើយោងតាមក្រសួង បានឱ្យដឹងទៀតថា ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ផងដែរថា «ការគំរាមកំហែង ឬវិធានការដាក់ទណ្ឌកម្មគ្រប់ប្រភេទ» ប្រឆាំងនឹងតុលាការ រដ្ឋភាគីរបស់ស្ថាប័ន បុគ្គលិក ឬអង្គការសង្គមស៊ីវិលដែលគាំទ្រការងាររបស់ស្ថាប័ន គឺ «មិនអាចទទួលយកបាន» ឡើយ៕