អាជ្ញាធរមូលដ្ឋានបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះថា យ៉ាងហោចណាស់មនុស្ស ១៦នាក់ រួមទាំងអ្នករុករករ៉ែផងដែរ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារចុងក្រោយបំផុត ដោយក្រុមឧទ្ទាមសម្ព័ន្ធកងកម្លាំងប្រជាធិបតេយ្យ (ADF) នៅភូមិមួយ ក្នុងខេត្ត Ituri ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
មន្ត្រីមូលដ្ឋាន លោក Janvier Kinyongi បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Bunia ថា ការវាយប្រហារនេះ បានកើតឡើងកាលពីរសៀលថ្ងៃពុធនៅភូមិ Mandeite ក្នុងដែនដី Mambasa ចម្ងាយ ១៦៥គីឡូម៉ែត្រ នៅភាគនិរតីនៃរដ្ឋធានី Bunia ។
លោកបានបញ្ជាក់ទៀតថា៖ «ជនរងគ្រោះជាច្រើន គឺជាអ្នករុករករ៉ែមាស។ ចំនួនអ្នកស្លាប់ គឺជាតួលេខបណ្តោះអាសន្ន ខណៈដែលការវាយប្រហារនៅតែត្រូវបានរាយការណ៍ នៅក្នុងតំបន់ជុំវិញ»។
ការវាយប្រហារនេះបានកើតឡើងក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកក្រុម ADF ដែលសង្ស័យថា បានចាប់ពង្រត់មនុស្សជាច្រើន នៅក្នុងតំបន់ដូចគ្នា។ ADF នៅតែជាការគំរាមកំហែងដ៏ធំដល់ប្រជាជនស៊ីវិល នៅកុងហ្គោ។
ក្រុមអ្នកឃ្លាំមើលសន្តិសុខ Kivu Security Tracker បានឱ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីសប្តាហ៍មុនថា ក្រុមឧទ្ទាមនេះបានសម្លាប់ជនស៊ីវិល ៦២នាក់ និងចាប់ពង្រត់មនុស្ស ៥៧នាក់ផ្សេងទៀត កាលពីខែមិថុនា៕