លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បានថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេង នៅសមុទ្រក្រហមថា ជាទង្វើ «មិនអាចទទួលយកបាន និងខុសច្បាប់» ដោយព្រមានថា វាធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង សម្រាប់ស្ថានការណ៍ដែលមានភាពប្រែប្រួលរួចទៅហើយ នៅក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះលើបណ្ដាញសង្គម X លោកស្រី Kallas ក៏បានថ្កោលទោសផងដែរដល់ការគំរាមកំហែងថ្មីៗរបស់ក្រុមហ៊ួទី ក្នុងការបិទផ្លូវសមុទ្រ ចំពោះប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយពណ៌នាអំពីការធ្វើបែបនេះថា ជា «ការគំរាមកំហែងដោយផ្ទាល់ ចំពោះស្ថិរភាពក្នុងតំបន់» និង «ការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់»។
លោកស្រីបានសង្កត់ធ្ងន់ថា ការធ្វើនាវាចរណ៍ «ត្រូវតែមិនមានការរារាំង» ទាំងនៅក្នុងច្រកសមុទ្រ Hormuz និងសមុទ្រក្រហម។ លោកស្រី Kallas បានអំពាវនាវឱ្យក្រុមហ៊ួទូ «បញ្ឈប់សកម្មភាពទាំងអស់ដែលបង្កគ្រោះថ្នាក់ដល់ការដឹកជញ្ជូនអន្តរជាតិ និងជីវិតរបស់អ្នកធ្វើដំណើរតាមសមុទ្រ»។
ជាមួយគ្នានេះ លោកស្រីក៏បានជំរុញផងដែរឱ្យក្រុមនេះគោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីប្រទេសយេម៉ែន និងសេរីភាពនៃការធ្វើនាវាចរណ៍៕