រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ការចូលរួមរបស់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) គឺ «ស្ថិតនៅលើផ្លូវវែងឆ្ងាយណាស់»។
ក្រោយកិច្ចប្រជុំអាស៊ាន លោកស្រី Maria Theresa Lazaro បានប្រាប់សន្និសីទសារព័ត៌មានថា សហភាពមីយ៉ាន់ម៉ា ដែលរួបរឹតដោយសង្គ្រាមស៊ីវិល ប្រហែលមិនទាន់អាចត្រឡប់មកវិញបានទេ ដោយសារតែការអនុលោមរបស់ប្រទេសនេះ ជាមួយនឹងគំនិតផ្តួចផ្តើមសន្តិភាពរបស់អាស៊ាន ដែលគេស្គាល់ថា ជា «កុងសង់ស៊ីស ៥ចំណុច» (Five-Point Consensus) កំពុងត្រូវបានវាយតម្លៃនៅឡើយ។
លោកស្រី Lazaro ដែលមានតួនាទីផងដែរជាបេសកជនពិសេសរបស់អាស៊ាន ទទួលបន្ទុកកិច្ចការសហភាពមីយ៉ាន់ម៉ា បាននិយាយថា៖ «វាគឺនៅវែងឆ្ងាយណាស់។ មានសំណួរជាច្រើន អំពីការអនុលោមតាមរបស់ពួកគេ»។ លោកស្រី Lazaro ដែលនឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់ទីនោះនៅចុងឆ្នាំនេះ បានឱ្យដឹងទៀតថា វាមិនទាន់ប្រាកដប្រជានៅឡើយទេថា តើលោកស្រី នឹងត្រូវបានអនុញ្ញាតដែរ ឬយ៉ាងណា ដើម្បីបានចូលជួបម្ចាស់ពានរង្វាន់ណូបែលសន្តិភាព គឺលោកស្រី Aung San Suu Kyi ដែលត្រូវបានទម្លាក់ចេញពីអំណាច នៅក្នុងរដ្ឋប្រហារយោធាឆ្នាំ២០២១។
ហើយលោកស្រីបានបន្ថែមថា ប្លុកនឹងកំណត់នូវគោលការណ៍វាស់វែង ដើម្បីវាយតម្លៃវឌ្ឍនភាពលើផែនទីបង្ហាញផ្លូវសន្តិភាព ហើយប្រសិនបើបរាជ័យក្នុងការសម្រេចឱ្យបាននូវគោលដៅទាំងនោះ នឹងត្រូវចាត់ទុកថា ជាការមិនគោរព ឬមិនអនុវត្តតាម៕