ក្រុមបាល់ទះជម្រើសជាតិកម្ពុជា មានក្ដីសង្ឃឹមខ្ពស់ឡើងទៅវគ្គពាក់ណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ (SEA V.Cup) ឆ្នាំ២០២៦ ជើងទី២ នៅប្រទេសឥណ្ឌូនេស៊ីហើយ ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-០សិត កាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា។ ជ័យជម្នះនេះ នាំឲ្យក្រុមបាល់ទះកម្ពុជា មានភាគរយខ្ពស់ត្រូវជួបក្រុមថៃ ជាថ្មី ដើម្បីប្រជែងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៥ ខែកក្កដាខាងមុខ។
បន្ទាប់ពីរងបរាជ័យទល់នឹងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងជំនួបបើកឆាកពូលA ក្រុមជម្រើសជាតិកម្ពុជា មិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ទោះបីកីឡាករភាគច្រើនមានរបួស តែពួកគេបានខំប្រឹងអស់ពីលទ្ធភាព ពិសេសការប្រកួតដ៏សំខាន់ ទល់នឹងក្រុមជម្រើសជាតិហ្វីលីពីន ទាំងប្រតិភូ គ្រូបង្វឹក និងកីឡាករ បានព្យាយាមធ្វើបានយ៉ាងល្អ រហូតទទួលបានជ័យជម្នះ ៣-០សិត ជាមួយពិន្ទុ ២៥-២០, ២៥-២១ និង ២៦-២៤ ដែលនាំឲ្យកម្ពុជាមានឱកាសខ្ពស់ដើម្បីឡើងវគ្គបន្ដ ដ្បិតត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលA រវាងឥណ្ឌូនេស៊ី និងហ្វីលីពីន នៅយប់នេះសិន។
ចំពោះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រសិនបើកម្ពុជា អាចរក្សាចំណាត់ថ្នាក់លេខ២ ក្នុងពូលA ក្រោយជំនួបបញ្ចប់ពូលរវាងឥណ្ឌូនេស៊ី និងហ្វីលីពីន យប់នេះ ក្រុមបាល់ទះកម្ពុជា នឹងត្រូវជួបក្រុមថៃ ដែលឈរលេខ១ ក្នុងពូលB។ ចំណែកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ត្រូវចាំអ៊ុតការប្រកួតបញ្ចប់ពូលB រវាងក្រុមជម្រើសជាតិវៀតណាម និងមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី២៤ ខែកក្កដានេះ។
ជាមួយការប្រកួតជើងទី២ នៃពានបាល់ទះប្រចាំតំបន់នេះដែរ កំពុងធ្វើដំណើរ ដូចកាលពីជើងទី១ នៅប្រទេសហ្វីលីពីន ដែលកម្ពុជា បានជួបក្រុមថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយយកឈ្នះ ៣-១សិន ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយបន្ដយកឈ្នះឥណ្ឌូនេស៊ី ៣-២សិត ដើម្បីបើកទំព័រប្រវត្តិសាស្ដ្រ ក្លាយជាជើងឯកពានរង្វាន់ SEA V.Cup 2026 ជើងទី១។ ដូច្នេះចាំមើលការប្រកួតជើងទី២ ដែលគ្រោងនឹងធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៦ ខែកក្កដាចុងសប្ដាហ៍នេះ តើក្រុមណា នឹងក្លាយជាម្ចាស់ពាន? អត្ថបទ លី ឈុនឡា



















