រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានច្រានចោលការលើកឡើងដែលថា លោក Putin នឹងប្រកាសសង្គ្រាមជាផ្លូវការនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខថាជារឿងឥតប្រយោជន៍។ រហូតមកទល់នឹងពេលនេះទីក្រុង Moscow នៅតែប្រកែកថាវាមិនមែនជាសង្គ្រាមទេ ដោយសំដៅដល់ការវាយលុកបច្ចុប្បន្នថាជាប្រតិបត្តិការសឹកពិសេស។

ប៉ុន្តែក្រុមមន្ត្រីលោកខាងលិចបានលើកឡើងថា លោកប្រធានាធិបតី Vladimir Putin អាចប្រើក្បួនព្យុហយាត្រាជ័យជម្នះថ្ងៃ៩ឧសភាដើម្បីប្រកាសពីសកម្មភាពយោធាដែលចេះតែរីកធំ។ ទោះយ៉ាងណាក៏ដោយអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ពាក្យចចាមអារ៉ាមនេះគ្មានការពិតទាល់តែសោះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយកាលពីសប្ដាហ៍មុនថា ក្បួនព្យុហយាត្រាក្រុង Moscow រំឭកដល់ជ័យជម្នះលើពួកណាស៊ីនិយម និងការបញ្ចប់សង្គ្រាមលោកលើកទី២ អាចត្រូវបានប្រើដើម្បីបន្ទរការគាំទ្រដល់ការចល័តទ័ពដ៏ច្រើនសម្បើម និងវាយសម្រុករុលទៅមុខជាថ្មីចូលទៅក្នុងប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន