គិតត្រឹមថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៦ គឺជាការចងចាំរបស់ប្រជាពលរដ្ឋខ្មែរទាំងមូលពីទង្វើដ៏ឃោរឃៅរបស់ក្រុមយោធាថៃ ដែលចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើប្រទេសកម្ពុជា។ ទន្ទឹមនេះ ភាគីសហជីព និងក្រុមកម្មកររោងចក្រ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងរក្សាបាននូវសុខសន្តិភាព និងបន្តរក្សា និងពង្រីកឱកាសការងារជូនប្រជាពលរដ្ឋគ្រប់ៗរូប។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) នៅក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានលើកឡើងថា រហូតមកដល់ពេលនេះនៅតែមានការចងចាំពីទង្វើដ៏សាហាវឃោរឃៅ និងការឈ្លានពានរបស់ភាគីថៃមកលើទឹកដីកម្ពុជា ដូចមើលឃើញថា មានការចូលមកបាញ់ប្រហារទាហានកម្ពុជាដែលឈរជើងតាមបន្ទាត់ព្រំដែន ហើយនឹងការបាញ់ប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន និងការឈ្លានពាន ការរំលោភផ្ទះសម្បែងដែលស្ថិតលើទឹកដីរបស់កម្ពុជា ដែលបង្កើតជាការឈឺចាប់ដល់ប្រជាពលរដ្ឋខ្មែរដែលបាត់បង់ទ្រព្យសម្បត្តិនានា ព្រមទាំងការបាត់បង់នូវការងារ និងការប្រកបអាជីវកម្មជាដើម ដែលទង្វើទាំងអស់នេះគឺពិតជាពិបាកទទួលយកណាស់។
សហជីពរូបនេះ បានបន្តទៀតថា ងាកមកវិស័យការងាររបស់ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើការនៅតំបន់ផ្សេងៗគ្នាពីបន្ទាត់ព្រំដែន ជាពិសេសនៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនៅតែបន្តគិតគូរខ្ពស់ និងយកចិត្តទុកដាក់ជានិច្ច ធ្វើយ៉ាងណារក្សាបាននូវឱកាសការងារដល់ប្រជាពលរដ្ឋទាំងក្នុងស្រុក ក៏ដូចជាជូនប្រជាពលករដែលត្រឡប់មកពីប្រទេសថៃ ដោយសារមានបញ្ហាវិបត្តិព្រំដែននេះ។
លោក សំ សឿន បានលើកឡើងដោយប្រកាន់គោលជំហរថា លោកនៅតែគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទាមកវិញនូវបរណភាពដែនដី ដែលភាគីថៃបានរំលោភបំពានដោយយន្តការច្បាប់ ហើយមិនប្រើប្រាស់នូវកម្លាំងបាយក្នុងការទៅទាមទារតតាំង ដែលទាំងនេះគឺជាការល្អបំផុតធ្វើឱ្យប្រជាពលរដ្ឋក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងសងខាងអាចរក្សាបានជីវិតរស់នៅ ព្រមទាំងអាចធ្វើការងារ និងការប្រកបអាជីវកម្មជាដើម។
ស្រដៀងគ្នាខាងលើនេះ ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយឱ្យដឹងថា ទោះកន្លងផុតរយៈពេល១ឆ្នាំនេះក្តី ប៉ុន្តែនៅតែចងចាំមិនភ្លេចនូវរូបភាពសង្វេគទាំងឡាយរបស់ប្រជាជនខ្មែរ ដែលរងការវាយប្រហាររបស់ភាគីថៃ និងបង្កឱ្យខូចខាតទ្រព្យសម្បតិ្តជាច្រើន ជាពិសេសបេតិកភណ្ឌជាតិរបស់កម្ពុជា។
ក្រុមកម្មករ ក៏បានភ្លេចនូវការថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងទាក់ទាញវិនិយោគថ្មីៗឱ្យមកបង្កើតជារោងចក្រ សហគ្រាសនៅកម្ពុជា ដើម្បីផ្តល់នូវឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ដើម្បីផ្តត់ផ្គង់ជីវភាពរស់នៅ ក៏ដូចជាការផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។
គួររម្លឹកថា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើទឹកដីកម្ពុជា យោធាថៃបានប្រើប្រាស់កម្លាំងយោធា និងអាវុធធុនធ្ងន់ រួមទាំងយន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារមកលើកម្ពុជា ទម្លាក់គ្រាប់បែកមកលើតំបន់នានាក្នុងទឹកដីកម្ពុជា ដោយបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិស៊ីវិល ដែលទង្វើទាំងអស់នេះហើយ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរចងចាំរហូតមកដល់សព្វថ្ងៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី






