មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្រោយទទួលបានការណែនាំពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី០៥-១៣ ខែវិច្ឆិកាខាងមុខនេះ ត្រូវបានធ្វើឡើងតាមលំនាំហ្គេម និងតាមនិយាមស្តង់ដាកីឡាក្នុងការរៀបចំតាមប្រភេទកីឡានីមួយៗ ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេក ទេស នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា ស្តង់ដាការរៀបចំតាមប្រភេទកីឡានីមួយៗនេះ គឺផ្អែកទៅលើបទបញ្ជាការប្រកួត និងបច្ចេកទេស ដូច្នេះបើជោគជ័យក្នុងការរៀបចំប្រភេទកីឡានីមួយៗបានល្អ នោះមានន័យថា ការប្រកួតនៃប្រភេទកីឡាទាំងនោះមានយុត្តិធម៌ សមធម៌ សីលធម៌ល្អ ហើយត្រូវតែគោរពលទ្ធផលនៃការប្រកួតទាំងអស់គ្នា។ ដូច្នេះទាំងអស់គ្នាត្រូវតែសច្ចា ក្នុងការរៀបចំការប្រកួតកីឡានេះឱ្យទទួលបានការទុកចិត្តពី កីឡាករ កីឡាការិនី និងការពេញចិត្តពីអ្នកទស្សនា អ្នកដឹកនាំត្រូវតែជាអ្នកសុច្ចរិតភាពនៃវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងទៀតថា ភាពជោគជ័យនៃកីឡាមិនមែនត្រឹមតែផ្តោតសំខាន់តែលើបច្ចេកទេសមួយផ្នែកនោះទេ ដោយភាពជោគជ័យនោះទាល់តែមានធាតុផ្សំផ្សេងៗទៀតរួមបញ្ជូលគ្នា។

ជាមួយគ្នានេះ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានជម្រាបជូន ថា ការរៀបចំការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នេះពិតជាមានសារៈសំខាន់ ក្នុងការជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសក្តានុពលចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតអន្តរជាតិនានា និងដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗ។
លោកបន្ថែមថា ចំពោះកាលបរិច្ឆេទនៃការប្រកួតការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង និងខេត្តកំពង់ឆ្នាំង។ ពិធីបើកការប្រកួតកីឡាជាតិគ្រោងនឹងធ្វើឡើង នៅពហុកីឡដ្ឋានជាតិ ដោយបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិដ៏ធំរៀងរាល់២ឆ្នាំម្តង សម្រាប់ឆ្នាំ២០២៦រៀបចំលើ ៣២ប្រភេទកីឡា ខណៈកីឡាជាតិជនពិការរៀបចំលើ៧ប្រភេទកីឡា ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុបប្រមាណ ៥២៥០នាក់ ក្នុងនោះកីឡាជាតិ មានចំនួនប្រមាណ ៥០០០នាក់ រីឯប្រភេទកីឡាប៉ារ៉ាឡាំពិក (ជនពិការ) ប្រមាណ ២៥០នាក់។ ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការនឹងប្រើប្រាស់មន្ត្រីគណៈកម្មការរួម បច្ចេកទេស សរុបចំនួន ប្រមាណ ១៨០០នាក់៕



