កំពង់ចាម៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍សង្គម និងឱកាសអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃទៅជូនយុវជន បងប្អូនអតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៦នេះ។
វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំនៅថ្ងៃទី២៤ ខែកក្កដា នៅក្នុងបរិវេណសាលាស្រុកស្ទឹងត្រង់ និងនៅថ្ងៃទី២៥ ខែកក្កដា នៅក្នុងបរិវេណវត្តនគរបាជ័យ ខេត្តកំពង់ចាម ដែលចាប់ផ្ដើម ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។
លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា វេទិការការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារសរុបចំនួន ៩២,៨២៣កន្លែង សម្រាប់បងប្អូនអតីតពលកដែលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារធ្វើអាចដាក់ពាក្យភ្លាម សម្ភាសភ្លាម និងទទួលបានការងារភ្លាមៗផ្ទាល់តែម្ដង។ បន្ថែមពីលើនេះគឺ ការទទួលបាននូវអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផងដែរ៕





