ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាវេលាម៉ោង ៨៖៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដានេះ ក្នុងពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦ នៅកីឡដ្ឋាន Pakansari នៃតំបន់កោះជ្វាខាងលិច ប្រទេសឥណ្ឌូនេស៊ី។

នេះគឺជាការប្រកួតទី២ ក្នុងA របស់ក្រុមគោព្រៃកម្ពុជា ក្រោយរបូត ៣ពិន្ទុក្នុងការប្រកួតដំបូង ទល់ក្រុមជម្រើសជាតិសិង្ហបុរី នៅពហុកីឡដ្ឋានជាតិមរតកតេជោ តែជាការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ។
សម្រាប់ជំនួបទល់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាត្រីនេះដែរ ពិតជាជំនួបដ៏សំខាន់សម្រាប់កម្ពុជា ដែលត្រូវការពិន្ទុដើម្បីរក្សានូវឱកាសប្រជែងកៅអីវគ្គបន្ដ តែក៏ជាការដ៏លំបាកផងដែរ ដ្បិតផ្អែកលើប្រវត្តិជួបគ្នា និងស្ថានភាពក្រុមទាំងពីរ ឥណ្ឌូនេស៊ី កំពុងមានប្រៀប ព្រមទាំងសម្ពាធពីអ្នកគាំទ្រ ក៏ដូចជាផលចំណេញការប្រកួតក្នុងដី និងជាការប្រកួតដំបូងរបស់ខ្លួនថែមទៀត។
គួរដឹងថា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់នបាល់ទាត់អាស៊ីអាគ្នេយ៍នេះ កម្ពុជា ស្ថិតក្នុងពូលA ជាមួយគូប្រជែង ៤ក្រុមផ្សេងទៀត ក្នុងនោះក្រោយបរាជ័យទល់ក្រុមភ្ញៀវសិង្ហបុរី និងត្រូវជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី យប់នេះ ក្រុមគោព្រៃកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមជម្រើសជាតិទីម័រខាងកើត វិញម្ដង នាថ្ងៃទី៣ ខែសីហា មុនធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា






