ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ គ្រោងនឹងរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ដ៏ធំមួយ នាថ្ងៃទី២៩ ខែសីហាខាងមុខ បន្ទាប់ពីចាប់ផ្ដើមសកម្មភាពការប្រកួតផ្លូវការលើកដំបូង ក្រោយក្រុមបាល់ទាត់មានសមាសភាពកីឡាករចម្រុះមួយនេះ ត្រូវបានប្រកាសទទួលស្គាល់ និងបង្ហាញឯកសណ្ឋានផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្មីៗ ជាមួយគោលបំណងសំខាន់ៗ ៣ គឺ កីឡា មិត្តភាព និងសប្បុរសធម៌។
នេះបើតាមការបង្ហើបរបស់ឯកឧត្តម គួច វែងស្រ៊ុង អ្នកចាត់ការទូទៅក្រុម កំឡុងក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានធ្វើការប្រកួតមិត្តភាពទល់នឹងក្រុមសមាគមគ្រូពេទ្យ TYDA នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលក្រុមបាល់ទាត់ ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមនេះ បានយកឈ្នះក្នុងលទ្ធផល ១-០ ដែលសម្រេចគ្រាប់បាល់បញ្ចូលទីដោយកីឡាករ ចាន់ វឌ្ឍនាកា។
ឯកឧត្តម គួច វែងស្រ៊ុង បានចាត់ទុកនេះជាការប្រកួតមិត្តភាពផ្លូវការដំបូង ក្រោយការប្រកាសទទួលស្គាល់សមាសភាពកីឡាករ ដែលក្រុមបានកំណត់យកថ្ងៃសុក្ររៀងសប្ដាហ៍ទី៣ ប្រចាំខែនីមួយៗ ដើម្បីណាត់ប្រកួតមិត្តភាពជាមួយក្រុមផ្សេងៗ ហើយក៏ជាការត្រៀមលក្ខណៈមួយ ក្នុងដំណើរឈានទៅរៀបចំការប្រកួតសប្បុរសធម៌មួយ នាថ្ងៃទី២៩ ខែសីហា ដើម្បីកៀរគរមូលនិធិ សម្ភារៈ និងរបស់របរប្រើប្រាស់ផ្សេងៗ សម្រាប់គាំទ្រដល់ពលរដ្ឋនៅភូមិរង់ចាំ ដែលនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមដូចសកម្មភាពសប្បុរសធម៌ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាធ្លាប់បានរៀបចំកន្លងមកដែរ។
សូមរំឮកថា ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានបង្កើតតាំងពីខែតុលា ឆ្នាំ២០២៤ ហើយបានចូលរួមប្រកួតមិត្តភាព និងសកម្មភាពជាប្រយោជន៍ដ៏សង្គមជាតិជាច្រើន រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ថ្មីៗ ទើបមានការប្រកាសទទួលស្គាលសមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ជាផ្លូវការ ដែលមានសមាជិកសរុប ៨៧រូប មកពីគ្រប់មជ្ឈដ្ឋាន រួមមានថ្នាក់ដឹកនាំ និងសមាជិកសកម្មរបស់ ស.ស.យ.ក., មន្ត្រីរាជការ, ពាណិជ្ជករ, សិល្បករ, កីឡាករអាជីព អតីតកីឡាករអាជីព និងកីឡាករមកពីក្រុមផ្សេងៗ ។
សម្រាប់គោលបំណងងសំខាន់នៃការបង្កើតក្រុមនេះឡើង គឺឈរលើស្មារតី «កីឡា មិត្តភាព សប្បុរសធម៌» ដើម្បីប្រមូលផ្តុំអ្នកស្នេហាវិស័យកីឡាបាល់ទាត់ លើកកម្ពស់សុខភាព សាមគ្គីភាព និងបង្កើតសកម្មភាពសង្គម ស្របតាមទិសដៅយុទ្ធសាស្ត្រ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»៕ អត្ថបទ លី ឈុនឡា




