ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម បានពន្យល់អំពីការអនុវត្តន៍ពន្ធថ្មី ១០% របស់សហរដ្ឋអាមេរិកដែលបានដាក់មកលើប្រទេសជាច្រើន រួមទាំង កម្ពុជា ដោយរាជរដ្ឋាភិបាលប្រកាសអំពីការប្តេជ្ញាចិត្តប្រឹងប្រែងបំពេញលក្ខខណ្ឌនូវអ្វីដែលបានចែងនៅក្នុងជំពូក ៣០១ របស់សហរដ្ឋអាមេរិក។ ការអនុវត្តន៍ពន្ធថ្មី ១០% របស់សហរដ្ឋអាមេរិកមកលើកម្ពុជា គឺទាបជាងប្រទេសថៃ និងវៀតណាម ដែលមានអត្រា ១២.៥%។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៦ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានដាក់ពន្ធគយអត្រា ១០% មកលើប្រទេសកម្ពុជា។ ការសម្រេចបានអត្រា ១០%នេះ គឺបន្ទាប់ពីកម្ពុជាបានបញ្ចប់ការចរចាយ៉ាងស្វិតស្វាញជាមួយសហរដ្ឋអាមេរិកនៃការអនុវត្តជំពូក ៣០១ របស់សហរដ្ឋអាមេរិក និងចាត់វិធានការ ដើម្បីឆ្លើយបតទៅនឹងលក្ខខណ្ឌមួយចំនួន ដែលសហរដ្ឋអាមេរិកបានលើកឡើងអំពីការប្រើប្រាស់ពលកម្មដោយបង្ខំចំពោះវត្ថុធាតុដើមដែលបាននាំចូល។
ឯកឧត្តម បន្តទៀងថា ជាក់ស្តែង រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសរួមមួយ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្ម, និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយបានបញ្ជាក់យ៉ាងច្បាស់អំពីការគោរពតាមលក្ខខណ្ឌ និងយកចិត្តទុកដាក់តាមដាននូវវត្ថុធាតុដើមដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ ហើយ ក្នុងនោះ ក៏មានចែកអំពីការបង្កើតក្រុមការងាររួម ដើម្បីពិនិត្យតាមដាននូវការនាំចូលវត្ថុធាតុដើម ព្រមទាំង ជំរុញឱ្យអ្នកនាំចូលបង្ហាញពីភស្តុតាំងផ្សេងៗ បញ្ជាក់ពីប្រភពនាំចូលវត្ថុធាតុដើម។ នេះបញ្ជាក់ឱ្យឃើញថា កម្ពុជាបានប្រឹងប្រែងបំពេញលក្ខខណ្ឌនូវអ្វីដែលបានចែងនៅក្នុងជំពូក ៣០១ របស់សហរដ្ឋអាមេរិក។
ឯកឧត្តម គូសបញ្ជាក់ថា ជាលទ្ធផល កម្ពុជាស្ថិតនៅក្នុងចំណោមក្រុមប្រទេសមួយចំនួន ដែលមានអត្រាពន្ធ ១០% បូកនឹងប្រទេសដែលទទួលបានការអនុគ្រោះខ្ពស់បំផុត (Most-Favored-Nation- MFN) ដែលរួមមាន ប្រទេសបង់ក្លាដែស, កាណាដា, អេក្វាទ័រ, ហ្គាតេម៉ាឡា, ហុងឌូរ៉ាស, ឥណ្ឌា, ឥណ្ឌូនេស៊ី, ហ្ស៊កដានី, ត្រូវអនុវត្តអត្រាពន្ធ ១០% បូកនឹង MFN ចាប់ពីថ្ងៃទី២៤ ខែកក្កដានេះតទៅ!។ ជាមួយគ្នា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក៏បានបង្កើតតារាងកូតាសម្រាប់រយៈពេល ៣ឆ្នាំ សម្រាប់ប្រទេសកម្ពុជា បង់ក្លាដែស ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក្នុងការនាំចូលវត្ថុធាតុដើមវាយនភណ្ឌពីសហរដ្ឋអាមេរិក។
បើតាម អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ការដាក់អត្រាពន្ធគយថ្មី ១០%នេះ នឹងមិនបង្កផលប៉ះពាល់ដល់ទីផ្សារនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនោះទេ ព្រោះកម្ពុជាធ្លាប់បានអនុវត្តអត្រាពន្ធស្រដៀងគ្នានេះរួចមកហើយ។ ក្រៅពីកម្ពុជា សហរដ្ឋអាមេរិក ក៏បានដាក់ពន្ធគយអត្រា ១២.៥% លើប្រទេសចំនួន ៣៨ ផ្សេងទៀត រួមទាំង ប្រទេសថៃ និងវៀតណាម ផងដែរ៕ អត្ថបទ៖ ធូ វិរៈ

