រោងពុម្ពមួយនៅទីក្រុង Buenos Aires បានបោះពុម្ពសារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ឬ «កោះម៉ាល់វីណាសជារបស់អាហ្សង់ទីន» ដោយឥតគិតថ្លៃ ដើម្បីបង្ហាញការអះអាងអធិបតេយ្យភាពរបស់អាហ្សង់ទីនលើកោះ Falkland។

សារនេះបានក្លាយជាប្រធានបទចម្រូងចម្រាស បន្ទាប់ពីត្រូវបានបង្ហាញក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup រវាងអាហ្សង់ទីន និងអង់គ្លេស។
រោងពុម្ពបានប្រើទម្រង់អក្សរដូចគ្នាទៅនឹងបដាដែលកីឡាករអាហ្សង់ទីនបានលើកឡើង បន្ទាប់ពីយកឈ្នះអង់គ្លេសនៅទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃទី១៥ ខែកក្កដា ដើម្បីបោះពុម្ពសារនេះលើសម្លៀកបំពាក់របស់អ្នកគាំទ្រ។
ក្រោយហេតុការណ៍នោះ អង់គ្លេសបានអំពាវនាវឱ្យ FIFA ស៊ើបអង្កេតលើករណីនេះ។
បញ្ហាអធិបតេយ្យភាពលើដែនដីកោះនៅមហាសមុទ្រអាត្លង់ទិកខាងត្បូងនេះ ដែលអង់គ្លេសហៅថា Falkland Islands ខណៈអាហ្សង់ទីនហៅថា Malvinas បានក្លាយជាបញ្ហារសើប និងជាប្រភពភាពតានតឹងរយៈពេលយូរមកហើយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
អាហ្សង់ទីនអះអាងជាយូរមកហើយថា ខ្លួនបានទទួលមរតកកោះទាំងនេះពីអេស្ប៉ាញ បន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ១៨១៦ ហើយថា អង់គ្លេសបានគ្រប់គ្រងកោះនេះនៅឆ្នាំ១៨៣៣ តាមរយៈសកម្មភាពអាណានិគមដែលអាហ្សង់ទីនចាត់ទុកថា ខុសច្បាប់។
នៅឆ្នាំ១៩៨២ អាហ្សង់ទីន និងអង់គ្លេសបានធ្វើសង្គ្រាមរយៈពេលខ្លីលើកោះនេះ ក្នុងអំឡុងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Margaret Thatcher។ សង្គ្រាមបានផ្ទុះឡើងបន្ទាប់ពីអាហ្សង់ទីនព្យាយាមចូលកាន់កាប់កោះ ប៉ុន្តែបរាជ័យ។ ជម្លោះនោះបានបណ្តាលឱ្យសមាជិកកងកម្លាំងអាហ្សង់ទីន ៦៤៩នាក់ និងកងកម្លាំងអង់គ្លេស ២៥៥នាក់ បាត់បង់ជីវិត៕ អត្ថបទ៖នាង សុភាវុធ





