កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតក្នុងពិភពលោក Kazuyoshi Miura បានស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ ខណៈកំពុងលេងឱ្យក្លិបជប៉ុន Fukushima United នៅលីគទីបីជប៉ុន។
Miura បានស៊ុតបញ្ចូលទីនៅនាទីទី៥២ ដើម្បីជួយឱ្យ Fukushima United នាំមុខ ៥-០ ក្នុងជ័យជម្នះយ៉ាងធំធេង ៧-០ លើ Iwaki Furukawa ក្នុងពានរង្វាន់ Emperor's Cup កាលពីថ្ងៃសៅរ៍។
នេះជាគ្រាប់បាល់ក្នុងការប្រកួតផ្លូវការលើកដំបូងរបស់គេ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ពេលគេស៊ុតបញ្ចូលទីឱ្យក្លិប Suzuka PG ដែលបច្ចុប្បន្នមានឈ្មោះថា Atlético Suzuka ក្នុងការប្រកួតទល់នឹង FC Osaka។
ត្រូវបានអ្នកគាំទ្រជប៉ុនដាក់រហស្សនាមថា «King Kazu» Miura គឺជាកីឡាករដ៏មានប្រជាប្រិយភាពបំផុតម្នាក់នៅប្រទេសជប៉ុន និងជា Superstar ម្នាក់របស់ J.League។
Miura បានចាប់ផ្តើមអាជីពជាមួយក្លិបប្រេស៊ីល Santos ក្នុងឆ្នាំ១៩៨៦ ហើយក៏ធ្លាប់លេងឱ្យក្លិបនៅប្រទេសអ៊ីតាលី ក្រូអាស៊ី និងអូស្ត្រាលីផងដែរ។
អាជីពបាល់ទាត់ដ៏វែងអន្លាយរបស់ Miura នឹងឈានចូលរដូវកាលទី៤២ បន្ទាប់ពីគេបានបន្តកិច្ចសន្យាខ្ចីជើងជាមួយ Fukushima United ពីក្លិប Yokohama FC នៅលីគ J2 រហូតដល់ខែមិថុនា ឆ្នាំ២០២៧។
Miura បានចុះហត្ថលេខាជាមួយ Yokohama FC តាំងពីឆ្នាំ២០០៥ ប៉ុន្តែគេមិនបានចូលលេងសូម្បីតែមួយនាទីសម្រាប់ក្លិបនេះ ចាប់តាំងពីឆ្នាំ២០២០មក៕ អត្ថបទ៖នាង សុភាវុធ




