ក្នុងស្មារតីមនុស្សធម៌ដ៏បរិសុទ្ធ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តសកម្មភាពមនុស្សធម៌ ចុះពិនិត្យ ព្យាបាលជំងឺ និងអប់រំសុខភាព ជូនប្រជាជនភៀសសឹក តាមបន្ទាត់ព្រំដែនដោយឥតគិតថ្លៃ។
ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តាមរយៈBTV ព័ត៌មាន នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ ក្រោមការណែនាំ និងគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តប្រចាំតាមបណ្តាខេត្ត បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តនីមួយៗ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងបន្តបេសកកម្មមនុស្សធម៌យ៉ាងសកម្ម ក្នុងការចុះផ្សព្វផ្សាយអប់រំសុខភាព ពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាជនភៀសសឹកតាមបន្ទាត់ព្រំដែន ដោយផ្តល់សេវាឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។ កងទ័ពអាវសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅប្រកៀកស្មាជាមួយវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់គ្រាលំបាក។ បើគិតចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះអប់រំសុខភាព ពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំ និងគ្រឿងឧបភោគបរិភោគ ជូនបងប្អូនប្រជាជនភៀសសឹក នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ សម្របសម្រួលដោយ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត មនី្ទរសុខាភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តនីមួយៗ និងអាជ្ញាធរដែលពាក់ព័ន្ធទាំងអស់។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល ចំនួន ៥៦៣នាក់ ដោយសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំតាមបណ្តាខេត្តខាងលើនេះ។ ក្នុងនោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានបម្រើសេវាសុខាភិបាល ជូនប្រជាជនភៀសសឹក បានចំនួន ២៩៦,៧៩៨នាក់/ ដង (ម្ភៃប្រាំបួនម៉ឺន ប្រាំមួយពាន់ ប្រាំពីររយ កៅសិបប្រាំបីនាក់/ ដង) ។
ឯកឧត្តម លេង ផាលី បានបន្ថែមទៀតថា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នឹងចុះពិនិត្យ ព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម នៅសាលាបឋមសិក្សាអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងឃុំសំបូរ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលសេវាពិនិត្យ ព្យាបាលជំងឺ និងទទួលឱសថដោយឥតគិតថ្លៃឱ្យបានច្រើនកុះករ។
សូមបញ្ជាក់ផងដែរថា តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភពខុសគ្នា និងមានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានផ្ទាល់ និងចូលរួមចំណែកដល់ការលើកកម្ពស់សុខមាលភាពប្រជាជន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ានណែត ជាប្រមុខដឹកនាំ៕ អត្ថបទ រដ្ឋា






