អ៊ុយក្រែន៖ អ្នកនាំពាក្យអង្គភាពការពារព្រំដែនរដ្ឋអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ទីក្រុង Kyiv នឹងត្រៀមខ្លួន ប្រសិនបើកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសបេឡារុស ចូលរួមក្នុងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

បេឡារុសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ីបាននិយាយថា យោធារបស់ខ្លួនបានចាប់ផ្ដើមធ្វើសមយុទ្ធទ្រង់ទ្រាយធំកាលពីថ្ងៃពុធ ដើម្បីសាកល្បងសមត្ថភាពត្រៀមប្រយុទ្ធរបស់ពួកគេ ហើយថាពួកគេពុំបានបង្កការគំរាមកំហែងដល់ប្រទសជិតខាងរបស់ខ្លួននោះទេ។ អ្នកនាំពាក្យអង្គភាពការពារព្រំដែនរដ្ឋអ៊ុយក្រែនលោក Andriy Demchenko បាននិយាយថា ពួកលោកមិនច្រានចោលទេពីលទ្ធភាពដែលថា សហព័ន្ធរុស្ស៊ីអាចឈានដល់ការប្រើប្រាស់ទឹកដីបេឡារុស កងកម្លាំងប្រដាប់អាវុធសាធារណរដ្ឋបេឡារុសវាយប្រហារប្រទេសអ៊ុយក្រែន។ លោកថា ទោះយ៉ាងណាក៏ដោយ ពួកលោកបានត្រៀមខ្លួនរួចរាល់ហើយដោយបន្ថែមថា ព្រំដែនជាប់ជាមួយប្រទេសបេឡារុសត្រូវបានរឹតបន្តឹង ជាប់តាំងពីរុស្ស៊ីចូលវាយលុកអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕
អត្ថបទ៖ សុខមាន