មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ញើរសារលើកទឹកចិត្តដល់ប្រកបអាជីវកម្មវិស័យទុរេន ជាពិសេសអ្នកដាំដុះ ឱ្យបន្តគោរពនូវភាពស្មោះត្រង់ ខណៈការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កើនឡើងជិត ៤០ដង បើធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។

យោងតាម ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងបានលើកឡើងថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅប្រទេសចិនសរុបមានចំនួន ៥ ៧៣៨,២៤ តោន ដែលមានការកើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។

ឯកឧត្តមអ្នកនាំពាក្យ បានរៀបរាប់ថា កន្លងមក ទាក់ទងការចរចាការបើកទីផ្សារសម្រាប់នាំចេញទុរេនទៅប្រទេសចិនត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំ ដែលជាលក្ខខណ្ឌចាំបាច់ដើម្បីអនុញ្ញាតឱ្យកសិផលកម្ពុជាអាចធ្វើការនាំចេញបាន ទោះជាយ៉ាងណាក៏ដោយមើលឃើញថា ការចរចាបើកច្រក និងការដឹកជញ្ជូនាំចេញ គ្រាន់តែជាផ្នែកមួយនាំចេញទេ ប៉ុន្តែអ្វីដែលយើងបានជួបជាឧបសគ្គ ឃើញថាការដឹកជញ្ជូនតាមរយៈកប៉ាល់ដែលប្រើរយៈពេល ១៥ថ្ងៃ ជួនពេល ២០ថ្ងៃនោះ គឺជះឥទ្ធិពលដល់ការដឹកជញ្ជូននូវបន្លែ ផ្លែឈើស្រស់ មូលហេតុទាំងនេះហើយបានជាក្រសួងកសិកម្ម បានព្យាយាមចរចាបើកច្រកមួយទៀតដែលប្រើចំណាយពេលត្រឹមតែ ៥ថ្ងៃ គឺទុរេនរបស់កម្ពុជាអាចដឹកទៅដល់ទីផ្សារប្រទេសចិនបានហើយ ក្រោយពីមានការសម្របសម្រួលបើកច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ។
សូមបញ្ជាក់ថា បើទោះបីជាកម្ពុជាទើបតែដំណើរការថ្មីៗក្នុងការបើកច្រកទីផ្សារនាំចេញឆ្លងកាត់តាមប្រទេសឡាវនេះក្តី ច្រកថ្មីនេះកំពុងរួមចំណែកស្រូបយកបរិមាណនាំចេញរហូតដល់ជិត ១០ភាគរយ នៃការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិនសរុបប្រចាំឆ្នាំ២០២៦៕ អត្ថបទ៖ ឈិត បូរ៉ាវី





