ភ្នំពេញ៖ នាខែមិថុនា ខាងមុខ រដ្ឋសភារៀបចំកិច្ចប្រជុំប្រចាំឆ្នាំស្តីពីក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពីគ្រឿងញៀនលើកទី៥។
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា ប្រធានគណៈកម្មការរៀបចំសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំអាយប៉ាលើកទី៥ បានអញ្ជើញដឹកនាំប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី"គ្រឿងញៀន"។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំប្រធាន អនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មការនានា គណៈប្រតិភូសភាកម្ពុជា ក្រុមប្រឹក្សាយោបល់ ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា តាងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ បានសម្រេចកម្មវិធីជាក់លាក់សម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី "គ្រឿងញៀន" ដែលនឹងប្រារព្ធធ្វើឡើង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។
ឯកឧត្តម ប្រធានក្រុមជាតិអាយប៉ាកម្ពុជា បានស្នើឲ្យអនុគណៈកម្មការនានា ពាក់ព័ន្ធនឹងកិច្ចប្រជុំខាងលើ ត្រៀមលក្ខណៈអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី"គ្រឿងញៀន" ឲ្យមានដំណើការទៅដោយរលូន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធដែលបានចូលរួមប្រជុំចែករំលែកនូវបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី"គ្រឿងញៀន" ឲ្យមានដំណើរការល្អ និងសង្ឃឹមថា កិច្ចប្រជុំខាងមុខនោះ សភាកម្ពុជាពិតជាទទួលបានជោគជ័យជាក់ជាមិនខាន។
ដោយឡែកឯកឧត្តម សួស យ៉ារ៉ា អនុគណៈកម្មការខ្លឹមសារ បានឲ្យដឹងថា ការងារប្រជុំតាមប្រព័ន្ធនិម្មិតខ្លឹមសារនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី "គ្រឿងញៀន" មានសារៈសំខាន់ណាស់គឺប្រធានបទខ្លឹមសារនៃកិច្ចប្រជុំត្រូវបញ្ជូនអោយបណ្តាប្រទេសដែលចូលរួមបានដឹងមុន និងអាចឲ្យអគ្គលេខាធិការដ្ឋានអាយប៉ាកម្ពុជាធ្វើការសម្របសម្រួលអោយប្រទេសដែលចូលរួមយល់ពីគោលបំណងនៃកិច្ចប្រជុំធ្វើយ៉ាងណាអោយកិច្ចប្រជុំទទួលបានជោគជ័យ៕អត្ថបទ៖ ឧត្តម