ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីជាច្រើន នៃសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដឹកនាំដោយឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ បានស្ម័គ្រចិត្តបន្ដចូលរួមបរិច្ចាគឈាមជាថ្មី ក្រោមស្មារតី «ខ្មែរជួយខ្មែរ» ក្នុងកម្មវិធី បរិច្ចាគឈាមសង្គ្រោះជីវិត លើកទី២ ដែលក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។
ឯកឧត្តម ហេង សុខឃន បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តបរិច្ចាគឈាមនេះ ពិតជាមានតម្លៃណាស់ ក្នុងការផ្ដល់នូវក្ដីសង្ឃឹម ក្ដីស្រម៉ៃ ពិសេសគឺការជួយសង្គ្រោះជីវិតមនុស្ស ដែលកំពុងមានតម្រូវការគ្រប់រូបភាព។ ទាំងអស់នេះហើយ ទើបជំរុញឲ្យសហព័ន្ធ និងកីឡាករ-កីឡាការិនីឯកភាពគ្នាបន្ដចូលរួមសកម្មភាពមនុស្សធម៌មួយនេះ ដ្បិតកន្លងមកសហព័ន្ធក៏ធ្លាប់បានចូលរួមបរិច្ចាគផងដែរ។
ជាមួយគ្នាកីឡាករ ម៉ុន ម៉ិល ក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែលបានចូលរួមសកម្មភាពបរិច្ចាគឈាម ដ្បិតរូបគេយល់ថា ការបរិច្ចាគនេះ មិនត្រឹមតែអាចរួមចំណែកជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ តែក៏អាចផលិតនូវឈាមថ្មី ធ្វើឲ្យសុខភាពខ្លួនកាន់តែល្អប្រសើរទៀតផង។
គួរដឹងថា ក្រោមការដឹកនាំរបស់ឯកឧត្តម ហេង សុខឃន ក្រៅពីជំរុញការបណ្ដុះបណ្ដាល និងអភិវឌ្ឍក្លិប ពិសេសធនធានកីឡាករ-កីឡាការិនី សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង ក៏តែងចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន សម្ដៅរួមចំណែកជួយដល់ការងារសង្គមផងដែរ ជាក់ស្ដែងសកម្មភាពបរិច្ចាគឈាម ដែលថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី តែងចូលរួមជារឿយៗ ហើយនឹងបន្ដចូលរួមបន្ថែមទៀតនាថ្ងៃខាងមុខ៕ អត្ថបទ លី ឈុនឡា













