មីយ៉ាន់ម៉ា៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមបាតុករនៅសហភាពមីយ៉ាន់ម៉ា នៅតែបន្តប្រឆាំងនឹងការគ្រប់គ្របរបស់យោធា ថ្វីត្បិតតែចំនួនអ្នកស្លាប់កើនឡើង ក្រោមស្នាដៃកងកម្លាំងសន្តិសុខក៏ដោយ ស្របពេលដែលរបបយោធារំឭកពីការគំរាមខាងក្រៅ ដូចដែលពួកគេធ្លាប់បានរំឭកកាលពីមុន អំឡុងការបង្ក្រាបជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាលពីឆ្នាំ២០១៧ កន្លងទៅ។

មនុស្សម្នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស ពេលដែលក្រុមនគរបាល បើកការបាញ់ប្រហារ ដោយឥតញញើតដៃមកលើក្រុមបាតុករ ដែលដំឡើងប៉ារ៉ាស់នៅទីក្រុងភាគកណ្ដាលម៉ូនីវ៉ា។ អំពើហិង្សាពីសំណាក់កងកម្លាំងសន្តិសុខ បានធ្វើឲ្យពលរដ្ឋសហភាពមីយ៉ាន់ ប្ដេជ្ញាចិត្តបន្តប្រឆាំងនឹងការវិលត្រឡប់ មកកាន់ការគ្រប់គ្រងរបស់យោធា ក្រោយបោះជំហានឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យអស់រយៈពេល ១ទសវត្សរ៍។
ក្រុមបាតុករនៅតាមតំបន់ជិត ២០កន្លែងទូទាំងប្រទេសបានអុជទៀនតវ៉ា កាលពីយប់ថ្ងៃសៅរ៍ឈានចូលព្រឹកថ្ងៃអាទិត្យ ចាប់ពីទីក្រុងធំយ៉ាងហ្គោនរហូតដល់តំបន់សហគមន៍តូចៗ នៅក្នុងរដ្ឋកាឈីនស្ថិតនៅភាគខាងជើងប្រទេស និងទីក្រុងភាគខាងត្បូង ក.ធូង។ វីដេអូដែលបានបង្ហោះលើវែបសាយ Mizzima ឃើញក្រុមបាតុកររាប់រយនាក់នៅទីក្រុងធំទី២ ម៉ាន់ដាឡេ ដែលរួមទាំងគ្រូពេទ្យក្នុងឯកសណ្ឋានពណ៌ស ដង្ហែក្បួនមុនពេលថ្ងៃរះអំឡុងការតវ៉ាពេលព្រឹក។ ពេលព្រះអាទិត្យចាប់ផ្ដើមរះពួកគេនាំគ្នាស្រែកពាក្យ “បរាជ័យរបបយោធា បុព្វហេតុរបស់ពួកយើង បុព្វហេតុរបស់ពួកយើង ប្រជាធិបតេយ្យសហព័ន្ធ”។
បាតុករនៅតាមតំបន់មួយចំនួនទៀត ត្រូវបានចូលរួមផងដែរដោយព្រះសង្ឃកាន់ទៀន ខណៈដែលក្រុមបាតុករប្រើប្រាស់ទៀនធ្វើជារូបសញ្ញាម្រាមដៃបី។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបបយោធាសហភាពមីយ៉ាន់ម៉ា មិនអាចសុំការអធិប្បាយណាមួយបាននោះទេ ប៉ុន្តែពួកគេធ្លាប់បាននិយាយកាលពីមុនថា កងកម្លាំងសន្តិសុខប្រើប្រាស់កម្លាំង នៅពេលដែលចាំបាច់ប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការស្លាប់មនុស្សម្នាក់ចុងក្រោយនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់ ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា កើនឡើងដល់ ២៤៨នាក់៕
អត្ថបទ៖ សារ៉ាត់