ក្លិបបាល់ទាត់ Chelsea កំពុងបើកការចរចាដើម្បីនាំយកខ្សែបម្រើ Jordan Henderson ពី Brentford និងខ្សែប្រយុទ្ធ Danny Welbeck ពី Brighton មកកាន់កីឡដ្ឋាន Stamford Bridge សម្រាប់រដូវកាលថ្មី។
ប្រភពព័ត៌មានបានឱ្យដឹងថា Henderson វ័យ ៣៦ ឆ្នាំ នៅសល់កិច្ចសន្យាជាមួយ Brentford មួយឆ្នាំទៀត ប៉ុន្តែក្លិបអនុញ្ញាតឱ្យរូបគេចាកចេញដោយគ្មានតម្លៃផ្ទេរ ប្រសិនបើភាគីទាំងអស់ឈានដល់កិច្ចព្រមព្រៀង។
ចំណែកឯ Danny Welbeck វ័យ ៣៥ ឆ្នាំ ក៏ត្រូវបានគេរាយការណ៍ថា មានបំណងចង់ផ្លាស់ទៅ Chelsea ដែរ ខណៈភាគីក្លិបមានទំនុកចិត្តថា ការចរចាអាចបញ្ចប់ដោយជោគជ័យក្នុងពេលឆាប់ៗនេះ។
ការស្វែងរកកីឡាករជើងចាស់ទាំងពីររូបនេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ Chelsea បន្ទាប់ពីម្ចាស់ក្លិបដ៏មានឥទ្ធិពល Behdad Eghbali ធ្លាប់លើកឡើងកាលពីខែមេសាថា គោលនយោបាយផ្តោតលើការនាំយកកីឡាករវ័យក្មេង ត្រូវការការកែសម្រួលខ្លះ ដោយបន្ថែមកីឡាករដែលមានបទពិសោធន៍ ដើម្បីជួយពង្រឹងតុល្យភាពក្នុងក្រុម។
សម្រាប់ Welbeck រូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧ ប្រកួតនៅ Premier League ដែលជាចំនួនគ្រាប់បាល់ច្រើនបំផុតក្នុងអាជីពរបស់គេមួយរដូវកាល។
រីឯ Henderson បានបង្ហាញខ្លួនសរុប ៣៤ ប្រកួតឱ្យ Brentford កាលពីរដូវកាលមុន បន្ទាប់ពីផ្ទេរមកពី Ajax។ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ក៏បានចូលលេងជាកីឡាករបម្រុងមួយប្រកួតនៅព្រឹត្តិការណ៍ FIFA World Cup មុនពេលរងរបួសបាក់ដៃ ដោយសារដួលលើផ្ទាំងផ្សព្វផ្សាយអំឡុងពេលអបអរជ័យជម្នះលើម៉ិកស៊ិកក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។
ប្រសិនបើការផ្ទេរទាំងពីរនេះកើតឡើងជាផ្លូវការ វានឹងក្លាយជាសញ្ញាបង្ហាញថា Chelsea ដែលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Xabi Alonso កំពុងងាកមកបន្ថែមកីឡាករដែលមានបទពិសោធន៍ ដើម្បីជួយដឹកនាំក្រុមវ័យក្មេង និងបង្កើនការប្រកួតប្រជែងសម្រាប់រដូវកាលថ្មី៕ អត្ថបទ៖នាង សុភាវុធ

