ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ថ្លែងប្រាប់ BTV លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាដល់ផែនជំនាញបើកការស្រាវជ្រាវបន្ទាន់ ករណីយុវជនម្នាក់ តាំងខ្លួនជាកូនខ្លា បានប្រើប្រាស់ហិង្សាលើយុវជនម្នាក់ នៅក្នុងខណ្ឌចំការមន ។
លោកឧត្តមសេនីយ៍ឯកស្នងការបញ្ជាក់ថា «ខ្ញុំបានបញ្ជាដាច់ខាតហើយ (ខ្ញុំបញ្ជាទៅលោក ប៊ុន សត្យា បើកការស្រាវជ្រាវរឿងនេះ ដោយមិនលើកលែងទេ ទាំងកូនខ្លា និងមេខ្លាដែលធ្វើខុសច្បាប់)។»
បទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ ធ្វើឡើង ក្រោយកើតមានអំពើហិង្សា សកម្មភាពក្រុមជនស៊ីវិល តាំងខ្លួនជាកូនខ្លា មេ07 បានប្រដេញជនរងគ្រោះ និងបានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ បណ្ដាលឲ្យជនរងគ្រោះប្រកាច់ សន្លប់ស្ដូកស្ដឹង ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០១:០០នាទីយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ហេតុការណ៍នេះ បានរងការរិះគន់ធ្ងន់ៗ និងបង្ហាញការងឿងឆ្ងល់ថា រហ័សនាម០៧នោះ ជានណាដែលមានឥទ្ធិពលឲ្យយុវជនបង្កហេតុ យកឈ្មោះមកប្រើ ហើយបង្កហិង្សាលើជនស៊ីវិលយ៉ាងអាណាធិបតេយ្យបែបនេះ៕ អត្ថបទ៖ លីហេង




