មន្ត្រីជាន់ខ្ពស់នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា ពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.League ដែលទើបប្ដូរមកជា SEA V.Cup ក្នុងរដូវកាលនេះ គួរតែពង្រីកវិសាលភាពដោយបញ្ចូលប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឡាវ ឲ្យចូលរួមប្រកួតប្រជែងបន្ថែម ដើម្បីពង្រឹងកម្រិតបាល់ទះក្នុងតំបន់ និងភាពស្មើមុខស្មើមាត់ ក្នុងនាមជាសមាជិកគ្រួសារអាស៊ានដូចគ្នា។
នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ ក្រោយដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា បំពេញបេសកកម្មប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ ដោយជោគជ័យ ក្រោយគ្រងជើងឯក ក្នុងការប្រកួតជើងទី១ នៅប្រទេសហ្វីលីពីន កាលពីថ្មីៗ ក្នុងនាមប្រទេសដែលជម្នះឧបសគ្គជាច្រើន ទម្រាំបានចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះ។
មន្ដ្រីសហព័ន្ធដដែលបានរំឮកពីការតស៊ូ ក្នុងនាមម្ចាស់មេដាយសំរឹទ្ធ និងមេដាយប្រាក់ ស៊ីហ្គេម ឆ្នាំ២០២២ និងឆ្នាំ២០២៣ តែត្រូវរង់ចាំដល់ឆ្នាំ២០២៥ ទើបបានចូលរួម ក្រោយបំពេញលក្ខខណ្ឌរៀបចំពានកម្រិតទី២ SEA V.League Challenge 2024 ដែលកម្ពុជា បានគ្រងជើងឯក និងទទួលបានកៅអីលេងពានកម្រិតកំពូលក្នុងតំបន់នេះ ដោយមានការគាំទ្រពីម៉ាឡេស៊ី និងសិង្ហបុរី។
ប៉ុន្ដែដោយសារពាន SEA V.League គឺជាពានប្រចាំតំបន់ ហេតុនេះគប្បីគួរមានការចូលរួមបន្ថែមពីបណ្ដាប្រទេសផ្សេងៗ ដែលចង់ចូលរួម ដូចជាម៉ាឡេស៊ី សិង្ហបុរី និងឡាវជាដើម ដើម្បីជំរុញឲ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍តំណាងឲ្យតំបន់អាស៊ីអាគ្នេយ៍ពេញលេញ មិនមែនមានតែត្រឹមបណ្ដាប្រទេសមួយចំនួនចូលរួមឡើយ ទោះបីកម្រិតនៃការលេងបែបណាក្ដី លោកជឿជាក់នឹងមានការចូលរួម ប្រសិនបើមានការបើកបេះដូងទូលំទូលាយបន្ថែមទៀត។
សូមរំឮកថា ពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងដំបូង នៅឆ្នាំ២០១៩ ដោយផ្ដើមពីវិញ្ញាសាបាល់ទះនារី និងមាន ៤ប្រទេសចូលរួម គឺមានឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន និងថៃ រហូតដល់ឆ្នាំ២០២៣ ទើបសមាគមបាល់ទះអាស៊ីអាគ្នេយ៍ បង្កើតពានបាល់ទះផ្នែកបុរស ដោយមានបេក្ខភាព ៤ក្រុមចូលរួមដដែល តែទន្ទឹមនឹងនោះ ក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម លើកទី៣១ និងមេដាយប្រាក់ស៊ីហ្គេម លើកទី៣២ ក៏បានដាក់លិខិតស្នើចូលលេងដែរ តែត្រូវបានបដិសេធ រហូតដល់២០២៤ ដើម្បីបំពេញលក្ខខណ្ឌ កម្ពុជាបានរៀបចំពាន SEA V.League Challenge ដើម្បីស្វែងរកក្រុមជើងឯក ឡើងទៅលេងពាន SEA V.League នៅឆ្នាំ២០២៥ ហើយកម្ពុជា ក៏ទទួលបានឱកាសនេះ តែការចូលរួមឆ្នាំដំបូង ក្រុមបាល់ទះបុរសកម្ពុជា ពុំទទួលបានលទ្ធផលគាប់ប្រសើរឡើយ មុនធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ភ្ញាក់ផ្អើល ក្នុងការបង្ហាញខ្លួនលើកទី២ ដោយដណ្ដើមបានជើងឯក SEA V.Cup ជើងទី១ ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន ដែលទើបដង្ហែរមកដល់កម្ពុជា កាលពីដើមសប្ដាហ៍កន្លងទៅ៕ អត្ថបទ លី ឈុនឡា






