ក្លិបព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា នឹងរៀបចំការប្រកួតពានរង្វាន់មិត្តភាពបើករដូវកាល Pre-Season Cup 2026 ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមពីក្រុមភ្ញៀវ ២ទៀត មកពីហុងកុង និងសិង្ហបុរី។
នេះបើតាមប្រភពព័ត៌មានច្បាស់ការពីមន្ដ្រីព័ត៌មានក្លិបជើងឯកលីគកំពូលកម្ពុជា ខណៈសមាសភាពក្រុមចូលរួមប្រកួតពានរង្វាន់ Pre-Season Cup ដើម្បីត្រៀមរដូវកាលថ្មីនេះ គឺមានចំនួន ៣ រួមមានក្លិបព្រះខ័នរាជស្វាយរៀង រួមទាំងក្រុមមកពីហុងកុង ១ក្លិប និងក្រុមមកពីសិង្ហបុរី ១ក្លិប តែមិនទាន់បញ្ជាក់ឈ្មោះជាផ្លូវការឡើយ។
គួរដឹងថា នេះជាលើកដំបូង ដែលក្លិបព្រះខ័នរាជស្វាយរៀង បានណាត់ក្លិបបរទេសមកប្រកួត Pre-Season ក្នុងស្រុក ផ្ទុយពីរដូវកាលមុនៗ ដែលក្លិបច្រើនចេញទៅបោះជំរុំហ្វឹកហាត់ និងប្រកួតមិត្តភាពក្រៅប្រទេស ដើម្បីរៀបចំ និងពង្រឹងក្រុមត្រៀមរដូវកាលថ្មី។ យ៉ាងណាព័ត៌មានលម្អិតពាក់ព័ន្ធនឹងការប្រកួត រួមទាំងសមាសភាពក្រុមចូលរួម ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ នឹងធ្វើការជូនដំណឹងនាពេលក្រោយ៕ អត្ថបទ លី ឈុនឡា






