អត្តពលកម្ម៖ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តបានត្រៀមប្រតិភូ គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៧នាក់ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាពេលឆាប់ៗខាងមុខ។
ទន្ទឹមជាមួយគ្នាមុនឈានដល់ថ្ងៃចេញដំណើរ គេឃើញកីឡាករ-កីឡាការិនីបានខិតខំប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំង នៅមជ្ឈមណ្ឌលបិទខ្ទប់នៃពហុកីឡដ្ឋានជាតិមរតកតេជោ ហើយពួកគេបានបង្ហាញការតាំងចិត្តខ្ពស់ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំម្ដងនេះ។ កីឡាករ ប៉ែន សុគង់ បេក្ខភាពម្នាក់គត់ដែលបានចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ បានបង្ហាញក្ដីរំពឹងនឹងអាចឈានដល់ជុំផ្ដាច់ព្រ័ត្រស៊ីហ្គេម ដោយផ្អែកលើបទពិសោធន៍នៃការប្រកួតកីឡាអូឡាំពិក និងការបោះជុំរុំហ្វឹកហាត់រយៈពេល ៦ខែនៅប្រទេសជប៉ុនមុនត្រឡប់មកបន្ដហ្វឹកហាត់នៅកម្ពុជាវិញ។ ចំណែកកីឡាកររត់ចម្ងាយ ៨០០ម៉ែត្រ ឈុន ប៊ុនថន បានបង្ហាញនូវទំនុកចិត្តស្រដៀងគ្នានឹងកីឡាករ ប៉ែន សុគង់ ដែរ បន្ទាប់ពីសំងំហ្វឹកហាត់ក្នុងមណ្ឌលបិទខ្ទប់មរតកតេជោ ធ្វើឲ្យសិទ្ធផលកើនឡើងដល់ការប្រកួតស៊ីហ្គេមនៅហ្វីលីពីនកាលពីឆ្នាំ២០១៩។ យ៉ាងណាក្ដី ប៊ុនថន ថានឹងខិតខំបន្ថែមទៀតដើម្បីឈានដល់កម្រិតប្រកួតប្រជែងមេដាយ។
ដោយឡែកកីឡាការិនី កាន់ ស្រីរ័ត្ន ដែលទើបមានបទពិសោធន៍ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកដំបូង បានកំណត់គោលដៅ ៣ ទី១-ផ្សព្វផ្សាយពីវិស័យកីឡាអត្តពលកម្មកម្ពុជា ទី២-ចង់បំបែកសិទ្ធផលចាស់របស់ខ្លួន និងទី៣-ចង់ដណ្ដើមមេដាយជូនជាតិ។ ស្រីរ័ត្ន ថា ស៊ីហ្គេមលើកដំបូងរបស់ខ្លួន ទោះបីលទ្ធផលយ៉ាងណា តែនាងនឹងព្យាយាមរៀនសូត្រដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ សូមបញ្ជាក់ថា កម្ពុជាបានត្រៀមប្រតិភូ និងអត្តពលិក ៥៦០នាក់លើ ៣៣ប្រភេទកីឡាទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ក្នុងនោះក៏មានកីឡាអត្តពលកម្មផងដែរ ដែលប្រភេទកីឡាចាំបាច់មិនអាចខ្វះបានសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ គ្រោងធ្វើការប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែឧសភា ពោលគឺមុនពិធីបើកការប្រកួតស៊ីហ្គេមផ្លូវការ ២ថ្ងៃ៕
អត្ថបទ៖ លី ឈុនឡា