សហព័ន្ធបាល់ទាត់បារាំង (FFF) បានប្រកាសជាផ្លូវការពីការតែងតាំងអតីតគ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង ដើម្បីជំនួសលោក Didier Deschamps ដែលបានបញ្ចប់តួនាទីក្រោយដឹកនាំក្រុមអស់រយៈពេល ១៤ ឆ្នាំ។
ការចាកចេញរបស់ Deschamps កើតឡើងបន្ទាប់ពីបារាំងធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2026 ក្រោមថ្វីជើងក្រុមជម្រើសជាតិអេស្ប៉ាញ។ ក្នុងអំឡុងពេលដឹកនាំក្រុម លោកបាននាំបារាំងឈានដល់វគ្គផ្តាច់ព្រ័ត្រការប្រកួតធំៗចំនួន ៣ លើក និងជួយឱ្យប្រទេសឈ្នះជើងឯកពិភពលោកលើកទីពីរក្នុងឆ្នាំ ២០១៨។
Zidane វ័យ ៥៤ ឆ្នាំ ដែលធ្លាប់ជួយបារាំងលើកពាន World Cup ឆ្នាំ ១៩៩៨ និងត្រូវបានចាត់ទុកថាជាកីឡាករឆ្នើមបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់បារាំង នឹងចុះកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិរហូតដល់យុទ្ធនាការជម្រុះ FIFA World Cup 2030 ហើយក៏នឹងដឹកនាំបារាំងក្នុងការប្រកួតជម្រុះ Euro 2028 ផងដែរ។
ការប្រកួតផ្លូវការលើកដំបូងរបស់ Zidane ក្នុងនាមជាគ្រូបង្វឹកបារាំង នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែកញ្ញា ក្នុងការប្រកួត UEFA Nations League ទល់នឹងក្រុមជម្រើសជាតិទួកគី។
ក្រោយចូលនិវត្តន៍ពីអាជីពជាកីឡាករបន្ទាប់ពី World Cup ឆ្នាំ ២០០៦ Zidane បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅឆ្នាំ ២០១៤ ជាមួយក្រុម Real Madrid Castilla មុននឹងឡើងដឹកនាំក្រុមធំនៅខែមករា ឆ្នាំ ២០១៦។
ក្នុងរយៈពេលខ្លី លោកបានក្លាយជាគ្រូបង្វឹកដ៏ជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ Real Madrid ដោយដឹកនាំក្រុមឈ្នះពាន UEFA Champions League បីរដូវកាលជាប់ៗគ្នា (២០១៦, ២០១៧ និង ២០១៨) ដែលជាកំណត់ត្រាមិនធ្លាប់មានក្នុងសម័យ Champions League។ លោកក៏បានជួយ Real Madrid ឈ្នះពាន La Liga រដូវកាល ២០១៦-១៧ ផងដែរ។
បន្ទាប់ពីចាកចេញនៅឆ្នាំ ២០១៨ លោកបានវិលត្រឡប់មកដឹកនាំ Real Madrid ជាលើកទីពីរ នៅឆ្នាំ ២០១៩ និងនាំក្លិបឈ្នះពាន La Liga ក្នុងរដូវកាលនោះ មុននឹងលាលែងពីតំណែងនៅឆ្នាំ ២០២១ ហើយមិនទាន់ទទួលការងារជាគ្រូបង្វឹកណាមួយរហូតមកដល់ពេលនេះ។
Zidane ចាប់ផ្តើមអាជីពជាកីឡាករជាមួយក្លិប Cannes ក្នុងឆ្នាំ ១៩៨៩ មុនផ្លាស់ទៅ Bordeaux ហើយបន្តទៅ Juventus នៅឆ្នាំ ១៩៩៦។ នៅអ៊ីតាលី លោកបានជួយ Juventus ឈ្នះពាន Serie A ពីររដូវកាលជាប់គ្នា និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ពីរលើកជាប់ៗគ្នា។
នៅឆ្នាំ ២០០១ លោកបានផ្ទេរទៅ Real Madrid ក្នុងតម្លៃ ៦៦ លានផោន ដែលជាកំណត់ត្រាពិភពលោកនាពេលនោះ និងក្លាយជាផ្នែកមួយនៃរជ្ជកាលដ៏អស្ចារ្យរបស់ក្រុមរួមជាមួយ Ronaldo, Luis Figo និង David Beckham។
សម្រាប់ក្រុមជម្រើសជាតិបារាំង Zidane គឺជាវីរបុរសដែលជួយប្រទេសឈ្នះ FIFA World Cup លើកដំបូងក្នុងឆ្នាំ 1998 ដោយស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រឈ្នះប្រេស៊ីល ៣-០។ នៅឆ្នាំដដែល លោកក៏បានឈ្នះពាន Ballon d'Or ហើយបន្តជួយបារាំងឈ្នះពាន Euro 2000 ផងដែរ។
បន្ទាប់ពីរង់ចាំឱកាសអស់រយៈពេលជាងមួយទសវត្សរ៍ ទីបំផុត Zidane បានសម្រេចក្តីស្រមៃក្នុងការដឹកនាំក្រុមជម្រើសជាតិបារាំង ដែលអ្នកគាំទ្រជាច្រើនរំពឹងថា នឹងនាំ "មាន់គក" វិលត្រឡប់ទៅកាន់កំពូលបាល់ទាត់ពិភពលោកម្តងទៀត៕ អត្ថបទ៖នាង សុភាវុធ



