អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Minebea Mitsumi Inc. អំពីទិសដៅយុទ្ធសាស្ត្រ ក្នុងការបន្តពង្រីកការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន Minebea Mitsumi នៅព្រះ រាជាណាចក្រកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៦នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់របស់ ក្រុមហ៊ុន Minebea Mitsumi Inc. ដឹកនាំដោយលោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិ (CEO) ដោយមានការចូលរួមអមពីសំណាក់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃ ក.អ.ក. មួយចំនួនផងដែរ។
ជំនួបពិភាក្សាការងារនេះ បានផ្តោតសំខាន់ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការអាជីវកម្មនាពេលកន្លងមក ព្រមទាំងពិភាក្សា អំពីទិសដៅយុទ្ធសាស្ត្រ ក្នុងការបន្តពង្រីកការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន Minebea Mitsumi នៅព្រះរាជាណាចក្រកម្ពុជា។ តាម រយៈជំនួបនេះដែរ ក៏បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនពីបរទេស ជាពិសេសក្រុមហ៊ុនវិនិយោគធំៗពីប្រទេសជប៉ុន។
សូមបញ្ជាក់ថា គម្រោងបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea Mitsumi Inc. នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការ ជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព បច្ចេកវិទ្យាទំនើប និងការទាក់ទាញវិនិយោគិនអន្តរជាតិដទៃទៀត មកកាន់កម្ពុជាបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី





