រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទីកលើទីក្រុងគីវ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ បានបណ្តាលឲ្យមានការផ្ទុះជាច្រើនកន្លែងនៅទូទាំងរដ្ឋធានីអ៊ុយក្រែន។ ការវាយប្រហារនេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ្សេឡិនស្គី បានព្រមានថា ទីក្រុងមូស្គូកំពុងត្រៀមបើកការវាយប្រហារទ្រង់ទ្រាយធំមួយនៅពេលយប់ ហើយបានអំពាវនាវជាថ្មីឲ្យប្រទេសលោកខាងលិចផ្តល់ការគាំទ្រផ្នែកប្រព័ន្ធការពារអាកាស។

ភិបាលក្រុងគីវលោក Vitali Klitschko បាននិយាយថា រុស្ស៊ីកំពុងវាយប្រហារទីក្រុងនេះដោយមីស៊ីលបាលីស្ទីក ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋស្វែងរកទីជម្រកសុវត្ថិភាព។ អ្នកយកព័ត៌មានរ៉យទ័រដែលបានឃើញហេតុការណ៍ បានរាយការណ៍ថា មានការផ្ទុះជាច្រើនកន្លែងនៅទូទាំងរដ្ឋធានី ខណៈលោក Klitschko បាននិយាយថា មានអគ្គិភ័យបានឆាបឆេះឡើងនៅទីតាំងមួយចំនួនដែលមិនមែនជាលំនៅឋាន។

ការវាយប្រហារទាំងនេះ បានកើតឡើងបន្ទាប់ពីលោក វ៉្លូឌីមី ហ្សេឡិនស្គី បានព្រមានថា រុស្ស៊ីបានរៀបចំ «ការវាយប្រហារទ្រង់ទ្រាយធំ»មួយ ហើយបានអំពាវនាវឲ្យប្រជាជនអ៊ុយក្រែនគោរពតាមការជូនដំណឹងអំពីការវាយប្រហារតាមអាកាសនៅទូទាំងប្រទេសនេះ។
លោក ហ្សេឡិនស្គី បានសរសេរនៅលើបណ្តាញ Telegram ថា៖ «វាមានសារៈសំខាន់ណាស់ដែលដៃគូរបស់យើងយល់ឲ្យបានពេញលេញអំពីអ្វីដែលកំពុងកើតឡើង ហើយការការពារជីវិតរបស់ប្រជាជន គឺអាស្រ័យដោយផ្ទាល់លើឆន្ទៈ ឬការមិនមានឆន្ទៈរបស់ពួកគេ ក្នុងការផ្តល់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស»។ លោកបានលើកឡើងជាពិសេសពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតដែលកំពុងប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស Patriot៕