ភ្នំពេញ៖ បច្ចុប្បន្នការចុះចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅតាមទីផ្សារនៅតែបន្ត សម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទៅទាំងអស់ដែលនៅសេសសល់ ទោះមានភាពស្ងប់ស្ងាត់យ៉ាងណាក្ដី។ ការបន្តចាក់វ៉ាក់សាំងនៅទីតាំងផ្សារជាទីប្រជុំជននេះ គឺដើម្បីផ្ដល់ភាពងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ។
ក្រុមគ្រូពេទ្យនៅតែបន្តប្រចាំការតាមផ្សារគោលដៅមួយចំនួន សម្រាប់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនប្រជាពលរដ្ឋ ទាំងអ្នកចាក់ដូសមូលដ្ឋាន និងដូសជំរុញ។
ជាក់ស្ដែងសម្រាប់ខណ្ឌដូនពេញ ខណៈពេលនេះ គឺមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចពិជ័យសេនា ទៀ បាញ់ ចំនួន៣ក្រុម បន្តរង់ចាំចាក់វ៉ាក់សាំង នៅទីតាំងផ្សារចំនួន ៣ គឺផ្សារធំថ្មី ផ្សារកណ្ដាល និងផ្សារចាស់។
លោក ឆាយ គឹមឆេង ជាក្រុមគ្រូពេទ្យប្រចាំការ នៅទីតាំងផ្សារកណ្ដាល នាព្រឹកនេះ លើកឡើងថា ក្រុមការងារបានចាប់ផ្ដើមចុះវ៉ាក់សាំងតាំងពីចុងខែ មេសាមកម្លេះ។ គិតមកទល់ពេលនេះ គឺក្រុមការងារបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ៥០០ទៅ៦០០នាក់ ហើយក្រុមការងារក៏នឹងបន្តរង់ចាំចាក់ជូនពលរដ្ឋគ្រប់វ័យរហូតដល់ថ្ងៃទី ១៦ ខែឧសភាខាងមុខ ទោះបីប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងមានការធ្លាក់ចុះក្ដី។
ចំពោះការមកចាក់វ៉ាក់សាំងលើកទី ៤នៅព្រឹកនេះ ពលរដ្ឋ លើកឡើងថា ទោះស្ថានភាពឆ្លងកូវីដ-១៩ ទូទាំងប្រទេស ធ្លាក់ចុះស្ទើរតែគ្មានករណីឆ្លងយ៉ាងណាក្ដី ក៏លោកនៅតែមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមការកំណត់។ លោកថា ការចាក់វ៉ាក់សាំងបានគ្រប់ដូស គឺដើម្បីការពារខ្លួន ហើយលោកក៏សំណូមពរឱ្យ ពលរដ្ឋដែលមិនទាន់បានចាក់ ត្រូវរួសរាន់មកចាក់វ៉ាក់សាំងផងដែរ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូសតាមការកំណត់លោក ជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានពន្យល់នាពេលថ្មីៗនេះថា ការចាក់វ៉ាក់សាំងច្រើនដូស ពុំប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញជួយឱ្យប្រព័ន្ធការពារកាន់តែខ្លាំង៕ អត្ថបទ៖ គឹមហុក