ភ្នំពេញ៖ កម្ពុជាមិនបន្តផ្តល់គម្រោងអភិវឌ្ឍន៍ថាមពលដើរដោយធ្យូងថ្មទៀតនោះទេ ក្រៅពីគម្រោងដែលរដ្ឋាភិបាលបានសម្រេចរួច ដោយជំរុញឱ្យមានការកែប្រែរោងចក្រធ្យូងថ្មទាំងនេះ ទៅជារោងចក្រដើរដោយឧស្ម័ន LNG វិញ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Jyri Jarviaho ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសហ្វាំងឡង់ប្រចាំកម្ពុជា នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២ នេះថា សម្រាប់ជំហររបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យថាមពលនាពេលអនាគត កម្ពុជា មានគម្រោងអភិវឌ្ឍបន្ថែមតែប្រភពផលិតថាមពលស្អាត ទៅក្នុងថាមពលចម្រុះ។
កម្ពុជា ក៏បានបេ្តជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការបំរែបំរួលអាកាសធាតុជាមួយអង្គការសហប្រជាជាតិ ដោយកម្ពុជាមិនបន្តផ្តល់គម្រោងអភិវឌ្ឍន៍ថាមពលដើរដោយធ្យូងថ្មទៀតនោះទេ បច្ចុប្បន្នចំពោះវិស័យថាមពល ប្រទសកម្ពុជាគឺជាប្រទេសមួយ ដែលបញ្ចេញឧស្ម័នកាបូនតិចតួចបំផុត។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ជុំវិញវិស័យការអភិវឌ្ឍអគ្គិសនីនេះ, បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលវែង រហូតដល់ឆ្នាំ ២០៤០ ហើយបានគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា ឱ្យបានគ្រប់គ្រាន់ មានគុណភាព ស្ថេរភាព និងតម្លៃសមរម្យ ជាមួយនឹងការអភិវឌ្ឍថាមពលស្អាត។
ឯកឧត្តម Jyri Jarviaho ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ដែលសម្រេចបានស្របតាមគោលដៅអភិវឌ្ឍន៍ ព្រោះវិស័យថាមពល គឺជាវិស័យមួយដែលមានសារៈសំខាន់ ដើម្បីការរស់នៅរបស់ប្រជាជន និងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចដើម ៕អត្ថបទ៖ សុន រ៉ាឌី