អ្នកជំនាញបានលើកឡើងថា UEFA គឺជាស្ថាប័នដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងពិភពបាល់ទាត់។ ក្រុមជើងឯកពិភពលោកបច្ចុប្បន្នមកពីតំបន់អឺរ៉ុប ហើយក្នុងចំណោមក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកចុងក្រោយ មានរហូតដល់ ៣ ក្នុងចំណោម ៤ ក្រុមជាសមាជិករបស់ UEFA។

លើសពីនេះ ក្លិបដែលមានចំណូលខ្ពស់ជាងគេនៅលើពិភពលោក ស្ទើរតែទាំងអស់ក៏ស្ថិតនៅក្រោម UEFA ផងដែរ។ បើយោងតាមចំណាត់ថ្នាក់ Deloitte Money League ក្លិបទាំង ២៥ ដែលមានចំណូលខ្ពស់បំផុតសុទ្ធតែជាក្លិបនៅអឺរ៉ុប។ UEFA ក៏ជាម្ចាស់ការប្រកួតធំៗដូចជាជើងឯកក្លិបកំពូលអឺរ៉ុប UEFA Champions League និងជើងឯកទ្វីបអឺរ៉ុប UEFA European Championship ដែលធ្វើឱ្យស្ថាប័ននេះត្រូវបានចាត់ទុកថាជាកម្លាំងសេដ្ឋកិច្ចដ៏ធំបំផុតក្នុងវិស័យបាល់ទាត់។
ប្រសិនបើ UEFA សម្រេចធ្វើពហិការព្រឹត្តិការណ៍ FIFA World Cup មែន នោះ FIFA នឹងប្រឈមនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ តម្លៃសិទ្ធិផ្សាយបន្តផ្ទាល់អាចធ្លាក់ចុះ ខណៈតម្លៃពាណិជ្ជកម្ម និងការទាក់ទាញអ្នកឧបត្ថម្ភក៏នឹងថយចុះផងដែរ។
ទោះជាយ៉ាងណា World Cup នៅតែអាចទាក់ទាញអ្នកទស្សនាយ៉ាងច្រើនពីតំបន់អាហ្វ្រិក អាស៊ី អាមេរិកខាងត្បូង និងតំបន់ផ្សេងៗ ព្រោះក្រុមជម្រើសជាតិនៃតំបន់ទាំងនោះនៅតែចូលរួមប្រកួត។ ជាមួយគ្នានេះ ការអវត្តមានរបស់ក្រុមអឺរ៉ុបក៏អាចបង្កើនឱកាសឱ្យប្រទេសមួយពីអាស៊ី អាហ្វ្រិក ឬសូម្បីតែសហរដ្ឋអាមេរិក ឈ្នះជើងឯក World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។
អ្នកជំនាញក៏បានចោទជាសំណួរថា តើអ្នកគាំទ្រនៅអាល្លឺម៉ង់ អេស្ប៉ាញ បារាំង អង់គ្លេស ស្កុតឡែន និងប្រទេសអឺរ៉ុបផ្សេងៗ នឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើក្រុមជម្រើសជាតិរបស់ពួកគេមិនមានវត្តមាននៅ World Cup? ចំណែកកីឡាករជាច្រើនក៏អាចមានអារម្មណ៍ថាត្រូវបានដកហូតឱកាសដ៏កម្រមួយ ដែលប្រហែលជាកើតឡើងតែម្តងគត់ក្នុងអាជីពរបស់ពួកគេ។
ហេតុនេះអ្នកជំនាញយល់ថា ការគំរាមធ្វើពហិការគួរត្រូវបានពិចារណាដោយប្រុងប្រយ័ត្ន ព្រោះវានឹងប៉ះពាល់ដល់គ្រប់ភាគី។
ជាមួយគ្នានេះ គាត់ក៏បានរិះគន់ប្រធាន FIFA លោក Gianni Infantino ថា បានជំរុញផែនការបង្កើតក្រុមហ៊ុនថ្មីនេះដោយឯកតោភាគី និងកំណត់ពេលឱ្យបោះឆ្នោតត្រឹមតែ ៥៣ ថ្ងៃប៉ុណ្ណោះ។ លើសពីនេះ ប្រទេសណាដែលបោះឆ្នោតប្រឆាំង អាចប្រឈមនឹងការកាត់បន្ថយថវិកាដែល FIFA ផ្តល់ជូន ដែលត្រូវបានគេចាត់ទុកថាជាវិធីសាស្ត្រដាក់សម្ពាធលើសមាជិក។
អ្នកជំនាញបន្ថែមថា ទំនាក់ទំនងរវាង FIFA និង UEFA កំពុងស្ថិតក្នុងភាពតានតឹង។ ជាឧទាហរណ៍ ប្រធាន UEFA លោក Aleksander Ceferin មិនបានចូលរួមទស្សនាវគ្គផ្តាច់ព្រ័ត្រ World Cup នោះទេ ដែលត្រូវបានគេមើលឃើញថាជាការបង្ហាញការមិនពេញចិត្តចំពោះការជ្រៀតជ្រែកផ្នែកនយោបាយក្នុងការប្រកួត។
ទោះបីជាយ៉ាងណា អ្នកជំនាញជឿថា ការធ្វើពហិការ គឺជាវិធានការដ៏ខ្លាំងបំផុតដែល UEFA អាចប្រើប្រាស់ ប៉ុន្តែមិនមែនជាជម្រើសដែលពួកគេចង់អនុវត្តនោះឡើយ៕ អត្ថបទ៖នាង សុភាវុធ