លោក Hong Myung-bo អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េ បានចេញមុខសុំទោសជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមជម្រើសជាតិបរាជ័យក្នុងការប្រកួតបាល់ទាត់ពិភពលោក ដោយធ្លាក់ត្រឹមវគ្គចែកពូល។

ទន្ទឹមនឹងនេះ លោកក៏បានបដិសេធការចោទប្រកាន់ថា លោកទទួលបានការអនុគ្រោះ ឬអាទិភាពពិសេសក្នុងដំណើរការតែងតាំងជាគ្រូបង្វឹក។
ក្នុងសវនាការនៅសភា លោក Hong បានថ្លែងថា៖ «ជាដំបូង ខ្ញុំសូមអភ័យទោសដល់ប្រជាពលរដ្ឋ ដែលខ្ញុំមិនអាចបំពេញតាមការរំពឹងទុករបស់ពួកគេ ចំពោះលទ្ធផលនៅ World Cup បាន»។

ការធ្លាក់ចេញពីការប្រកួតត្រឹមវគ្គចែកពូល បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េ ដោយប្រធានាធិបតីបានបញ្ជាឱ្យបើកការស៊ើបអង្កេតលើការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់ ខណៈលោក Hong បានសម្រេចលាលែងពីតំណែង ហើយអ្នកគាំទ្រជាច្រើនក៏បានអំពាវនាវឱ្យមានការកែទម្រង់សហព័ន្ធបាល់ទាត់កូរ៉េ (KFA)ផងដែរ។
នៅក្នុងសវនាការ សមាជិកសភាបានសួរលោក Hong ជាច្រើនសំណួរ ពាក់ព័ន្ធនឹងដំណើរការតែងតាំងរបស់លោក បន្ទាប់ពីមានការរិះគន់ថា នីតិវិធីធម្មតាមិនត្រូវបានអនុវត្តពេញលេញ។ យ៉ាងណាក៏ដោយ លោក Hong បានអះអាងថា សំណើដែលគណៈកម្មាធិការបច្ចេកទេសរបស់ក្រុមជម្រើសជាតិបានដាក់ជូនលោក គឺធ្វើឡើងស្របតាមនីតិវិធីត្រឹមត្រូវ។
ទោះបីជាការបរាជ័យនៅ World Cup ជាមូលហេតុចម្បងនៃការខកចិត្តរបស់អ្នកគាំទ្រក៏ដោយ ការមិនពេញចិត្តចំពោះការគ្រប់គ្រងរបស់ KFA បានកើនឡើងជាច្រើនឆ្នាំមកហើយ។ ជាពិសេស ការតែងតាំងអតីតខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Jürgen Klinsmann ជាគ្រូបង្វឹកក្រុមជម្រើសជាតិក្នុងឆ្នាំ២០២៣ មុនត្រូវបណ្តេញចេញត្រឹមមួយឆ្នាំក្រោយ បានក្លាយជាចំណុចមួយដែលរងការរិះគន់ខ្លាំង៕ អត្ថបទ៖នាង សុភាវុធ
