លោក Eddie Howe បានសម្រេចលាលែងពីតំណែងជាអ្នកចាត់ការក្លិប Newcastle United ហើយ បញ្ចប់ការដឹកនាំរយៈពេល ៥ ឆ្នាំរបស់លោកនៅទឹកដី St James' Park។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗនៅចក្រភពអង់គ្លេស កាលពីថ្ងៃទីព្រហស្បតិ៍។
ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីលោក Howe និងថ្នាក់ដឹកនាំក្លិបបានពិភាក្សាគ្នាអស់រយៈពេល ៤៨ ម៉ោងកន្លងមក។ ប្រភពជាច្រើនក៏បានបញ្ជាក់ដែរថា លោក Howe បានជូនដំណឹងដល់ក្លិបថា លោកចង់សម្រាកពីការងារជាគ្រូបង្វឹកមួយរយៈ។
ក្នុងវ័យ ៤៨ ឆ្នាំ Eddie Howe បានកសាងជោគជ័យគួរឱ្យកត់សម្គាល់ជាមួយ Newcastle ដោយដឹកនាំក្លិបឈ្នះពាន League Cup ឆ្នាំ២០២៥ ដែលជាពានរង្វាន់ក្នុងស្រុកដ៏ធំលើកដំបូងរបស់ក្លិបក្នុងរយៈពេល ៧០ ឆ្នាំ។ លើសពីនេះ លោកក៏បាននាំ Newcastle ឡើងទៅប្រកួតក្នុងពានរង្វាន់ UEFA Champions League ចំនួន ២ លើកផងដែរ។
ទោះជាយ៉ាងណា រដូវកាលចុងក្រោយមិនបានដំណើរការដូចការរំពឹងទុកឡើយ ដោយ Newcastle បញ្ចប់ចំណាត់ថ្នាក់លេខ ១២ នៅក្របខណ្ឌ Premier League ក្រោយចាញ់រហូតដល់ ១៧ ប្រកួតក្នុងចំណោម ៣៨ ប្រកួត។ ប្រកួតចុងក្រោយរបស់លោកក្នុងនាមជាអ្នកចាត់ការក្រុម គឺបរាជ័យ ៤-១ ក្រោមថ្វីជើង Bristol City ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល កាលពីថ្ងៃទី២៩ ខែកក្កដា។
បច្ចុប្បន្ន Newcastle United កំពុងស្វែងរកអ្នកចាត់ការថ្មី ដើម្បីត្រៀមដឹកនាំក្រុមសម្រាប់រដូវកាលថ្មី ខណៈការប្រកួតបើកឆាក Premier League របស់ពួកគេ នឹងត្រូវទទួលស្វាគមន៍ក្រុមហង្សក្រហម Liverpool នៅថ្ងៃទី២៣ ខែសីហា៕ អត្ថបទ៖នាង សុភាវុធ

