រុស្ស៊ីបានវាយប្រហាររដ្ឋធានីគីវ និងតំបន់នេះដោយមីស៊ីលបាលីស្ទីកយ៉ាងធ្ងន់ធ្ងរកាលពីព្រឹកថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស ១០ នាក់ ខណៈប្រធានាធិបតី Volodymyr Zelenskyy បានព្រមានថា អ៊ុយក្រែនបានអស់មីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) របស់សហរដ្ឋអាមេរិក។
លោក Zelenskyy បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៣៥ គ្រាប់ទៅលើអ៊ុយក្រែន រួមទាំងមីស៊ីលបាលីស្ទីកចំនួន ២៧ គ្រាប់ និងយានដ្រូនចំនួន ១៨៥ គ្រឿង។ មានតែមីស៊ីលបាលីស្ទីកមួយគ្រាប់ប៉ុណ្ណោះដែលត្រូវបានស្ទាក់ចាប់ដោយសារតែពុំមានប្រព័ន្ធស្ទាក់ចាប់មីស៊ីលប៉ាទ្រីយ៉ូត។
យោងតាមសាក្សីរបស់សារព័ត៌មាន Reuters ការផ្ទុះជាង១០លើកបានលាន់ឭពេញរដ្ឋធានីក្នុងអំឡុងរលកនៃការវាយប្រហារជាច្រើនលើក។
លោក Zelenskyy បាននិយាយនៅលើTelegram ថា កញ្ចប់មីស៊ីលស្ទាក់ចាប់នីមួយៗជួយសង្គ្រោះជីវិតប្រជាជនរបស់អ៊ុយក្រែន។ ហើយរាល់យប់ដោយគ្មានប្រព័ន្ធស្ទាក់ចាប់ទាំងនោះ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសកាន់តែច្រើន។
ស្របពេលសង្គ្រាមកំពុងស្ថិតក្នុងឆ្នាំទីប្រាំដ៏ក្ដៅគគុក ការប្រយុទ្ធគ្នាកំពុងផ្ទុះឡើងតាមបណ្តោយសមរភូមិជួរមុខប្រហែល ១.២០០ គីឡូម៉ែត្រ ប៉ុន្តែការឈានទៅមុខរបស់រុស្ស៊ីបានថយចុះជាងពាក់កណ្តាលនៅឆ្នាំនេះ ហើយអ៊ុយក្រែនបានបើកការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ដោយវាយប្រហារលើរោងចក្រផលិតប្រេង ទីតាំងភស្តុភារ និងផលិតកម្មអាវុធរបស់ខ្លួន៕

