កម្ពុជា-ឥណ្ឌូនេស៊ី សហការបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិ លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «រួមគ្នាលើកកម្ពស់ការព្យាបាលជំងឺបេះដូង និងជំងឺមេតាបូលិច ក្នុងយុគសម័យទំនើប» កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។
សន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិ កម្ពុជា–ឥណ្ឌូនេស៊ី ប្រចាំឆ្នាំលើកទី៣ បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងមានវាគ្មិនជាតិ និងអន្តរជាតិ ព្រមទាំងការចូលរួមពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស គ្រូពេទ្យ អ្នកជំនាញផ្នែកសុខាភិបាល និងនិស្សិតវេជ្ជសាស្ត្រ សរុបប្រមាណ ៣៦០នាក់ ដើម្បីរួមគ្នាផ្លាស់ប្តូរចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យជំងឺបេះដូង និងជំងឺមេតាបូលិចនៅកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត លើកឡើងថា មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ នៅក្នុងឆ្នាំ២០២៥កន្លងមកនេះ មជ្ឈមណ្ឌលបានទទួលអ្នកជំងឺសម្រាកព្យាបាលចំនួន ៤,៨៨៩ ករណី កើនឡើង៣% និងបានផ្តល់សេវាពិគ្រោះជំងឺក្រៅចំនួន ៥៥,៩៦០ករណី កើនឡើង៧៣%បើប្រៀបធៀបនឹងឆ្នាំ២០២៤ សម្រាប់ផ្នែកឆ្លុះសរសៃឈាមបេះដូង និងសិក្សាវិបត្តិចង្វាក់បេះដូង (Cath-Lab) បានផ្តល់សេវាចំនួន ៨៦៩ ករណី ក្នុងឆ្នាំ២០២៥ កើនឡើង ៣៥% ធៀបនឹងឆ្នាំ២០២៤ និងបានអនុវត្តនីតិវិធីទំនើបជាច្រើន ដូចជា ការថតឆ្លុះសរសៃឈាមបេះដូង ការដាក់រ៉ឺស័រ ការដាក់ថ្មបេះដូង ការដុតព្យាបាលវិបត្តិចង្វាក់បេះដូង និងនីតិវិធីអន្តរាគមន៍ផ្សេងៗទៀត។
ជាមួយគ្នានេះ មជ្ឈមណ្ឌលក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់គុណភាពសេវាព្យាបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងការស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។
នាឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ បានថ្លែងថា សន្និសីទថ្ងៃនេះបានលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការពង្រឹងសមត្ថភាពរបស់អ្នកជំនាញផ្នែកសុខាភិបាល ក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការបង្ការជំងឺបេះដូង និងជំងឺមេតាបូលិច ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រទំនើប និងស្របតាមស្តង់ដារវេជ្ជសាស្ត្រអន្តរជាតិ។ ឯកឧត្តមបន្តថា តាមរយៈកិច្ចសហការរវាងអ្នកជំនាញជាតិ និងអន្តរជាតិ សន្និសីទនេះបានរួមចំណែកជំរុញការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ការចែករំលែកបទពិសោធន៍ និងការពង្រឹងគុណភាពសេវាសុខាភិបាល ដើម្បីកាត់បន្ថយបន្ទុកជំងឺបេះដូង និងជំងឺមេតាបូលិចនៅកម្ពុជា ព្រមទាំងលើកកម្ពស់ការផ្តល់សេវាថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋ៕






