មន្រ្តីសុខាភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាននិងដែគូអង្គការជាតិ-អន្តរជាតិ វិស័យឯកជន រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវរួមសហការគ្នា បង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។
ថ្លែងនៅក្នុងកិច្ចប្រជុំប្រកាសសេចក្ដីសម្រេច និងត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស ទី២ របស់គណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺអេដស៍ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី៣១ ខែ កក្ដដា ឆ្នាំ២០២៦នេះ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាអេដស៍ គណៈកម្មការប្រយុទ្ធនឹងជម្ងឺអេដស៍ក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបង្កើនការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីលើកកម្ពស់ការយល់ដឹងថ្មីៗ ពីការរីករាលដាលមេរោគអេដស៍ និងចំណេះដឹងបែបវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាពជូនទៅដល់ពួកគាត់ ចូលរួមដាស់ស្មារតី ដល់ប្រជាពលរដ្ឋឲ្យចងចាំជានិច្ចពីគ្រោះថ្នាក់នៃការចម្លងមេរោគអេដស៍។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានមានប្រសាសន៍បន្តថា ជាមួយគ្នានេះដែរអាជ្ញាធរមូលដ្ឋាន នឹងមន្រ្តីពាក់ព័ន្ធក៏ត្រួវស្វែងរកការគាំទ្របន្ថែម ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ក្នុងការចូលរួមជាវិភាគទាន សំដៅដល់ការទប់ស្កាត់ការរីករាលដាល និងលុបបំបាត់មេរោគអេដស៍ចេញឱ្យអស់ពីខេត្តតាកែវ និយាយដោយឡែក និងនិយាយជារួមលប់បំបាត់មេរោគអេដស៍ឲ្យអស់នៅទូទាំងប្រទេសកម្ពុជា និងលើពិភពលោក។
ថ្លែងនៅក្នុងឱកាសនោះផងដែរ លោកស្រី ឡុង ប៉ូណារេត អភិបាលរងខេត្តតាកែវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជន ជាពិសេសអ្នកដែលមានដៃគូច្រើន មិនត្រូវភ្លេចខ្លួនពីជំងឺអេដស៍នោះទេ ពោលគឺត្រូវបង្កើនការប្រុងប្រយ័ត្ន និងការពារជានិច្ច ដើម្បីកាត់បន្ថយអត្រាការកើនឡើងនៃអ្នកឆ្លង និងអ្នកផ្ទុកមេរោគអេដស៍។ ការចូលរួមទាំងអស់នេះ គឺដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅ ៩៥,៩៥,៩៥ និងបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០ ។ គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តតាកែវ សម្រាប់ខេត្តតាកែវក្នុងត្រីមាសទី២ឆ្នាំ ២០២៦ នេះមានអ្នកផ្ទុកមេរោគអេដស៍ចំនួន២៩៧៤ ពោលគឺមានការកើនឡើងចំនួន ១១៦ នាក់៕




