ក្រុមជម្រើសជាតិកីឡាយុទ្ធគុនចម្រុះកម្ពុជា បានត្រឡប់មកមាតុភូមិវិញ ក្រោយបញ្ចប់ការប្រកួតបេសកកម្មក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី(GAMMA Asian Championship) ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយនាំមកជាមួយនូវមេដាយចំនួន ៣គ្រឿងជូនជាតិ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២គ្រឿង។
ក្រោយត្រឡប់មកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ លោក ម៉ុក សាំងហ៊ុន អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងជាប្រធានប្រតិភូដឹកនាំ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់កីឡាករ-កីឡាការិនីរបស់ខ្លួន ក្នុងចំណោមអត្តពលិក ៤រូប ដែលមាន ៣រូបដណ្ដើមបានមេដាយ។ ទោះបេសកកម្មនេះ កីឡាករត្រូវចំណាយខ្លួនឯងខ្លះលើការធ្វើដំណើរ តែពួកគេបានព្យាយាមអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អជូនជាតិ ។ ដូច្នេះលោកសង្ឃឹមអនាគត នឹងមានការគាំទ្រពីវិស័យឯកជនបន្ថែមទៀត ដើម្បីផ្ដល់លទ្ធភាពដល់សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីបានច្រើន និងមានឱកាសស្វែងរកមេដាយជូនជាតិកាន់តែច្រើនថែមទៀត។
ជាមួយគ្នាកីឡាករ ស៊ា វិច្ឆិកា ម្ចាស់មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កម្រិតទ្វីបនេះ បានសម្ដែងក្ដីរីករាយ ដែលមានឱកាសបានចូលរួមប្រកួត និងទទួលបទពិសោធន៍ល្អៗពីការជួបកីឡាករខ្លាំងៗក្នុងទ្វីបអាស៊ី។ ទោះមិនអាចដណ្ដើមមេដាយមាស តែការឈ្នះមេដាយប្រាក់ និងសំរឹទ្ធ គឺជាការចាប់ផ្ដើមមួយដ៏ល្អសម្រាប់ពួកគេ ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែង និងទទួលលទ្ធផលកាន់តែល្អប្រសើរនាថ្ងៃអនាគត។
គួរដឹងថា បេសកកម្មចូលរួមការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦ នេះ កម្ពុជាបានបញ្ជូនអត្តពលិក ៤រូបចូលរួម ក្នុងនោះកីឡាករ ស៊ា វិច្ឆិកា ដណ្ដើមបានមេដាយប្រាក់ គ្រាដែលកីឡាករ លាង កុម្ភៈ និងកីឡាការិនី ខៀវ ចិន្ដារ័ត្ន ទទួលបានមេដាយសំរឹទ្ធដូចគ្នា លើកលែងកីឡាករ គោរមៈ ច័ន្ទរាជ ដែលពុំទទួលបានមេដាយ ហើយរូបគេក៏បានសុំទោសអ្នកគាំទ្រ ចំពោះការខកខានឱកាសស្វែងរកមេដាយជូនជាតិនេះផងដែរ៕ អត្ថបទ លី ឈុនឡា






