សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានស្វាគមន៍ការសម្រេចចិត្តរបស់ FIFA ក្នុងការដកចេញនូវផែនការលក់ភាគហ៊ុននៃការប្រកួតរបស់ខ្លួន រួមទាំងព្រឹត្តិការណ៍ FIFA World Cup ទៅឱ្យវិនិយោគិនឯកជន។ ទោះជាយ៉ាងណា UEFA ក៏បានបញ្ជាក់ថា ខ្លួនបានបាត់បង់ទំនុកចិត្តលើថ្នាក់ដឹកនាំបច្ចុប្បន្នរបស់ FIFA ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ UEFA បានលើកឡើងថា ការដកចេញនូវផែនការនេះ គឺជាជំហានវិជ្ជមានសម្រាប់អនាគតបាល់ទាត់ពិភពលោក។ ទន្ទឹមនឹងនេះ UEFA បានរិះគន់ថា ការដឹកនាំរបស់ FIFA នាពេលបច្ចុប្បន្ន មិនត្រឹមតែបាត់បង់ការជឿទុកចិត្តពី UEFA ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ទំនុកចិត្តពីសមាជិកជាច្រើនទៀតក្នុងគ្រួសារបាល់ទាត់ពិភពលោកផងដែរ។
ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបក៏បានបញ្ជាក់ថា នឹងធ្វើការជាមួយសមាគមសមាជិក និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីធានាថា គម្រោងសំខាន់ៗដែលពាក់ព័ន្ធនឹងអនាគតបាល់ទាត់ពិភពលោក នឹងមិនអាចត្រូវបានជំរុញឱ្យអនុម័តយ៉ាងឆាប់រហ័ស ដោយគ្មានការពិគ្រោះយោបល់ទូលំទូលាយដូចករណីនេះទៀតឡើយ។
UEFA បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខ ខ្លួននឹងសហការយ៉ាងជិតស្និទ្ធជាមួយសមាគមសមាជិក និងសហព័ន្ធបាល់ទាត់តំបន់ផ្សេងៗ ដើម្បីពិនិត្យឡើងវិញពីមូលហេតុដែលធ្វើឱ្យបញ្ហានេះកើតឡើង និងរៀបចំវិធានការថ្មីៗ ដើម្បីទប់ស្កាត់មិនឱ្យស្ថានភាពបែបនេះកើតឡើងម្តងទៀត៕ អត្ថបទ៖នាង សុភាវុធ