ខេត្តកំពង់ធំ៖ ទិវាកីឡាអាស៊ាន “ASEAN SPORTS DAY” ឆ្នាំ២០២៦ ក្រោមប្រធានបទ ” កីឡាបរិយាបន្នដើម្បីសុខដុមរមនាក្នុងសង្គម”កាលពីចុងសប្តាហ៍កន្លងទៅ នៅតាមដងស្ទឹងសែន នៃខេត្តកំពង់ធំ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថាការរៀបចំទិវាកីឡាអាស៊ាននេះ ធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន ប្រកបដោយសុខភាពល្អ និងសុខដុមនីយកម្ម។
ទិវានេះគឺដើម្បីពង្រឹង និងលើកកម្ពស់វិស័យកីឡាក្នុងប្រទេស សមាជិកអាស៊ានទាំងមូល ក្នុងគោលបំណងឲ្យប្រជាជនយល់ដឹងអំពីអាស៊ាន រស់នៅប្រកបដោយសុខភាពល្អ និងសុខដុមនីយកម្ម តាមបាវចនា “អាស៊ានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ”។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា កីឡាបានដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង សង្គមវប្បធម៌ទាំងនៅក្នុងតំបន់ និងលើពិភពលោក។ ការរៀបចំទិវាកីឡាអាស៊ាន នាពេលនេះ គឺជាការបំផុសឱ្យប្រជាជនកម្ពុជា និងប្រជាជន នៅក្នុងសហគមន៍អាស៊ាន ទាំងមូលចូលរួមអភិរក្ស និងអភិវឌ្ឍល្បែងប្រជាប្រិយ និងកីឡា ប្រពៃណីគ្រប់ប្រភេទ និងចូលរួមលេងកីឡាដើម្បីលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនងល្អ និងលើកកម្ពស់វិស័យកីឡានៅក្នុងតំបន់អាស៊ានទាំងមូល។
ជាមួយគ្នានេះ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានប្រាប់ឲ្យដឹងថា ទិវាកីឡាអាស៊ាន “ASEAN SPORTS DAY” ធ្វើឡើងក្នុងគោលបំណងរំលឹកដល់ថ្ងៃបង្កើតសហគម ន៍អាស៊ាន នាថ្ងៃទី៨ សីហា ឆ្នាំ១៩៦៧ និងការលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន និងដើម្បីបំផុសផ្សព្វផ្សាយឲ្យប្រជាជននៃបណ្តាប្រទេសជាសមាជិក ចូលរួមលើកកម្ពស់របៀបរស់នៅរបស់ប្រជាជន ប្រកបដោយសុខដុមនីយកម្ម មានសុខភាពល្អ លើកកម្ពស់អត្តសញ្ញាណជាតិ អភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡា ប្រពៃណី និងល្បែងប្រជាប្រិយនៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ។
សូមបញ្ជាក់ថា ទិវាកីឡាអាស៊ាន “ASEAN SPORTS DAY” ឆ្នាំ២០២៦នេះ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានដាក់ប្រភេទកីឡាមួយចំនួនរួមមាន ហាត់ប្រាណតាមចង្វាក់ភ្លេង ជិះកង់ បុរស នារី រត់ចម្ងាយ បុរស នារី កីឡាតេក្វាន់ដូ កីឡាប៉េតង់ និងល្បែងប្រជាប្រិយ រុញអង្រែ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរចូលរួម ប្រមាណ ១ ០០០នាក់លេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព៕






