ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក Gianni Infantino កំពុងប្រឈមនឹងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងអាណត្តិដឹកនាំរបស់លោក បន្ទាប់ពីផែនការបង្កើតក្រុមហ៊ុនពាណិជ្ជកម្មថ្មីរបស់ FIFA និងលក់ភាគហ៊ុន ២០% ទៅឱ្យវិនិយោគិនឯកជន ត្រូវបានបោះបង់ចោល ក្រោយរងការប្រឆាំងយ៉ាងខ្លាំងពីសហគមន៍បាល់ទាត់ពិភពលោក។

នៅថ្ងៃទី៣១ ខែកក្កដា FIFA បានចេញសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់សម្តីរបស់ Infantino ដោយទទួលស្គាល់ថា គម្រោងនេះមិនអាចបន្តអនុវត្តបានទៀតឡើយ។
បរាជ័យនេះបានបញ្ចប់ភាពតានតឹងរយៈពេលបីថ្ងៃនៅក្នុងពិភពបាល់ទាត់ បន្ទាប់ពី UEFA ដែលជាសហព័ន្ធតំបន់មានឥទ្ធិពល និងមានចំណូលខ្ពស់បំផុតក្នុងចំណោមសហព័ន្ធទាំង៦ របស់ FIFA បានប្រកាសធ្វើពហិការមិនចូលរួមរាល់សកម្មភាពរបស់ FIFA រហូតដល់ផែនការនេះត្រូវបានដកចេញ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនោះ សូម្បីតែសហព័ន្ធដែលធ្លាប់គាំទ្រ FIFA ក៏បានបង្ហាញការមិនពេញចិត្ត ដោយរិះគន់ថា FIFA មិនបានពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាមុន។ Infantino ក៏ត្រូវបានចោទប្រកាន់ថា កំពុងលក់ភាពស្រស់បំព្រងនៃបាល់ទាត់ ដើម្បីផលប្រយោជន៍ពាណិជ្ជកម្ម។
ប្រភពបានឱ្យដឹងថា Infantino មិនអាចបង្កើតការឯកភាពពីសមាជិកបានឡើយ ខណៈភាគីពាក់ព័ន្ធសំខាន់ៗជាច្រើន មិនបានដឹងពីគម្រោងនេះទេ រហូតដល់ FIFA ប្រកាសជាផ្លូវការកាលពីថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីព័ត៌មានបានបែកធ្លាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។
មុននោះ Infantino បានជួបជាមួយក្រុមវិនិយោគិន និងជ្រើសរើសក្រុមហ៊ុនវិនិយោគ Thrive Capital ដែលបង្កើតឡើងដោយ Joshua Kushner ដើម្បីដឹកនាំក្រុមវិនិយោគ។ ក្រុមហ៊ុននេះក៏ទទួលការចាប់អារម្មណ៍ផងដែរ ដោយសារមានទំនាក់ទំនងគ្រួសារជិតស្និទ្ធជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។
អ្នកវិភាគផ្នែកទីផ្សារកីឡា Bob Dorfman បានប្រាប់ Reuters ថា ការជាប់ពាក់ព័ន្ធរបស់ Joshua Kushner មិនបានជួយឱ្យស្ថានការណ៍ប្រសើរឡើយ។
«ការដែលមានសមាជិកគ្រួសារ Kushner ពាក់ព័ន្ធនឹងគម្រោងនេះ មិនមែនជារឿងល្អទេ។ ជាពិសេស បន្ទាប់ពីមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹង Donald Trump អំឡុងពេលការប្រកួត World Cup ដែលធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង»។
ទន្ទឹមនឹងនេះ លោក Donald Trump បានបញ្ជាក់ថា លោកមិនបានពិភាក្សាជាមួយ Infantino អំពីគម្រោងលក់ភាគហ៊ុនព្រឹត្តិការណ៍ World Cup នោះឡើយ។
សាស្ត្រាចារ្យសេដ្ឋកិច្ច Victor Matheson មកពី College of the Holy Cross បានលើកឡើងថា ត្រឹមពីរសប្តាហ៍មុន Infantino នៅតែត្រូវបានគេចាត់ទុកថា កំពុងស្ថិតក្នុងភាពជោគជ័យនៅឡើយ បន្ទាប់ពីការរៀបចំព្រឹត្តិការណ៍ World Cup ដែលត្រូវបានគេសរសើរថាជាព្រឹត្តិការណ៍កីឡាធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែពេលនេះ ស្ថានភាពបានផ្លាស់ប្តូរយ៉ាងខ្លាំង ខណៈ Infantino កំពុងតស៊ូដើម្បីអនាគតនយោបាយរបស់ខ្លួន។
មុនព្រឹត្តិការណ៍ World Cup មនុស្សជាច្រើនជឿថា Infantino នឹងអាចជាប់ឆ្នោតជាប្រធាន FIFA អាណត្តិទី៤ នៅមហាសន្និបាត FIFA ដែលគ្រោងធ្វើឡើងនៅប្រទេសម៉ារ៉ុកក្នុងខែមីនា ឆ្នាំ២០២៧ ដោយគ្មានគូប្រជែងសំខាន់ណាម្នាក់។
ទោះជាយ៉ាងណា បន្ទាប់ពីវិបត្តិនេះ អ្នកវិភាគជឿថា នឹងមានបេក្ខជនប្រជែងជាច្រើនលេចចេញមកសម្រាប់ការបោះឆ្នោតប្រធាន FIFA លើកក្រោយ។ ប៉ុន្តែពួកគេក៏យល់ថា វានៅមិនទាន់ដល់ពេលសន្និដ្ឋានថា Infantino នឹងបាត់បង់ឱកាសឡើយ ប្រសិនបើលោកនៅតែសម្រេចចិត្តឈរឈ្មោះបន្តអាណត្តិថ្មី៕អត្ថបទ៖នាង សុភាវុធ