ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មទាមទារឱ្យពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀតនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូរកុងតឺន័រ និងបន្លាលួសដើម្បីបិទផ្លូវ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងដោយកងកម្លាំងថៃ។
ឯកឧត្តមបានបន្តថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ចំពោះពលរដ្ឋភៀសសឹក។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំងពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ សុទ្ធដឹងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញ។
ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មដើម្បីទាមទារឱ្យពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញស្របតាមច្បាប់អន្តរជាតិ និងក្រោមក្រសែភ្នែកយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងតវ៉ាប្រឆាំងជំទាស់ដាច់ខាតចំពោះសកម្មភាពទាំងឡាយរបស់យោធាថៃដែលប៉ុនប៉ងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់៕
