សៀមរាប៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាស្តីពីអភិបាលកិច្ចល្អ ក្រោមប្រធានបទ៖ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» (Innovation for Better Public Service Delivery)។

វេទិកានេះប្រារព្ធឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីប្រធានប្រតិភូ លេខាធិការដ្ឋានអាស៊ាន មន្ត្រីជាន់ខ្ពស់ មន្ត្រីបង្គោល ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
ថ្លែងសុន្ទរកថាបើកវេទិកា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកានាថ្ងៃនេះ គឺមានអត្ថន័យលើសពីជំនួបផ្លូវការ ដោយបានក្លាយជាឱកាសមាសសម្រាប់ការពិគ្រោះយោបល់ ការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍រវាងអ្នកអនុវត្តផ្ទាល់ អ្នករៀបចំគោលនយោបាយ អ្នកផ្តល់សេវាសាធារណៈ និងអ្នកជំរុញកំណែទម្រង់។ បន្ថែមពីនេះ វេទិកានេះគឺជាមូលដ្ឋានគ្រឹះ ក្នុងការពង្រឹងសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យរដ្ឋបាលសាធារណៈ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការបម្រើឧត្តមប្រយោជន៍ និងការឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យាមានការវិវត្តយ៉ាងឆាប់រហ័ស រដ្ឋបាលសាធារណៈ ក៏ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទថ្មីៗ និងបញ្ហាប្រឈមនានាផងដែរ។ ឈរលើបរិបទអន្តរជាតិដែលកំពុងប្រែប្រួលស្មុគស្មាញ ទាំងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ភាពតានតឹងភូមិសាស្ត្រនយោបាយ វិបត្តិថាមពល និងការប្រែប្រួលសណ្តាប់ធ្នាប់ពិភពលោក កត្តាទាំងនេះទាមទារឱ្យយើងត្រូវត្រៀមខ្លួនជានិច្ច។ ហេតុនេះ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី គឺជាភាពចាំបាច់មិនអាចខ្វះបាន។
ផ្សារភ្ជាប់នឹងបរិបទនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកពីវឌ្ឍនភាពនៃការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ដោយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការខិតខំពង្រឹងភាពប្រកួតប្រជែងទាំងកម្រិតតំបន់ និងសកល។ លើសពីការតាមឱ្យទាន់នូវការវិវត្តនៃប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការពង្រឹងសមត្ថភាពមន្ត្រី ជាអាទិភាពខ្ពស់បំផុត ដោយជឿជាក់យ៉ាងមុតមាំថា៖ «គ្រប់នវានុវត្តន៍ទាំងអស់តែងតែមានកត្តាមនុស្ស ជាតួអង្គស្នូល ព្រោះថាកត្តាមនុស្ស និងប្រព័ន្ធ ត្រូវបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកជានិច្ច»៕



