ប្រធានក្រុមប្រឹក្សាភិបាលសមាគម (IDI) រំពឹងថាកម្ពុជានឹងបន្តស្រូបយកវិនិយោគិនបរទេសមកបណ្តាក់ទុនបន្ថែមទៀត ជាពិសេស លើឧស្សាហកម្មធុនកណ្តាល និងធុនធ្ងន់ និងត្រូវការកម្លាំងពលកម្មច្រើន ខណៈក្រុមហ៊ុនមេមួយដែលមានបុត្រសម្ព័ន្ធជាង ១ ៨០០ សហគ្រាស បានកំពុងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា។
ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគ នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) លើកឡើងក្នុង កិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចផ្សេងៗនៅកម្ពុជាថា ជុំវិញបរិយាកាសវិនិយោគ, រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគថ្មី និងអនុក្រឹត្យពាក់ព័ន្ធដែលសម្របសម្រួលដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាមរយៈយន្តការលើកទឹកចិត្តផ្នែកសារពើពន្ធ ការលើកលែងពន្ធលើប្រាក់ចំណូល និងការលើកលែងពន្ធនាំចូលលើធាតុចូលផលិតកម្ម រួមជាមួយការប្រើប្រាស់យន្តការច្រកចេញ-ចូលតែមួយ ដើម្បីទាក់ទាញ និងជំរុញវឌ្ឍនភាពធុរកិច្ចជាដើម។
ឧកញ៉ាបណ្ឌិត បន្តថា តាមរយៈឱកាសវិនិយោគនេះដែរ សមាគម IDI ក្នុងនាមជាវិស័យឯកជន បានកំពុងយកចិត្តទុកដាក់ រួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយបានសហការជាមួយក្រុមហ៊ុន ញូវតាចេន ដែលក្រុមហ៊ុនមួយនោះមានបុត្រសម្ព័ន្ធជាង ១ ៨០០ សហគ្រាស ទាំងនៅក្នុងប្រទេសចិន និងក្រៅប្រទេសផងដែរ។ តាមរយៈនេះ ក្រុមហ៊ុន ញូវតាចេន គឺជាស្ពានផ្សារភ្ជាប់ទៅដល់ សហគ្រាសទាំងនោះយ៉ាងសំខាន់ ក្នុងការអូសទាញមកវវិនិយោគនៅកម្ពុជា។ ឧកញ៉ាបណ្ឌិត បន្តឱ្យដឹងថា ក្រុមហ៊ុន ញូវតាចេន បាន ចុះមកសិក្សានៅកម្ពុជា ពីឱកាសវវិនិយោគច្រើនលើករួចមកហើយ នឹងបានឱ្យតម្លៃខ្ពស់អំពីសក្តានុពលវវិនិយោគនៅកម្ពុជាផងដែរ ហើយតាមរយៈនេះ ឧកញ៉ាបណ្ឌិត រំពឹងថា កម្ពុជានឹងស្រូបយកឱកាសវិនិយោគបន្ថែមទៀត ជាពិសេសលើឧស្សាហកម្មកណ្តាលធុន ធ្ងន់ និងធុនធ្ងន់ផ្សេងៗទៀត ដើម្បីឱ្យកម្ពុជាឈានទៅប្រកួតប្រជែងខ្សែច្រវាក់ផលិតកម្មសកល។
ទាក់ទិនកាវិនិយោគ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងវេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែល មានមិនប្រាកដប្រជាខ្ពស់ ដើម្បីគាំពារកំណើនសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យដែលរំពឹងទុកនឹងមានកំណើនយឺត លើកកម្ពស់ភាពប្រ កួតប្រជែងបង្កើនពិពិធកម្ម និងការសម្របខ្លួនទៅនិងការប្រែប្រួលនៃរបរពាណិជ្ជកម្មអន្តរជាតិ។
ជុំវិញការវិនិយោគនេះ, នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ បើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគបាន ចំនួន ២៧៦ គម្រោង មានទំហំទុនវិនិយោគប្រមាណ ៤,៤ ពាន់លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ មាន ការថមថយ គឺដោយបញ្ហាប្រឈមទាំងខាងក្នុងនិងខាងក្រៅ៕ អត្ថបទ៖ សុន រ៉ាឌី
