ខណៈដែលទំនុកចិត្តលើការដឹកនាំរបស់ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino កំពុងរងការរិះគន់កាន់តែខ្លាំងពីមន្ត្រី និងថ្នាក់ដឹកនាំក្នុងពិភពបាល់ទាត់ សំណួរមួយកំពុងត្រូវបានលើកឡើងថា តើនរណាអាចក្លាយជាបេក្ខជនប្រជែងតំណែងប្រធាន FIFA នៅការបោះឆ្នោតឆ្នាំ២០២៧?

ទោះបីជា Infantino បានបញ្ជាក់ថា លោកនឹងឈរឈ្មោះសម្រាប់អាណត្តិថ្មីនៅឆ្នាំ២០២៧ក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានបេក្ខជនណាម្នាក់ប្រកាសជាផ្លូវការថានឹងចូលរួមប្រកួតប្រជែងនៅឡើយទេ។ យ៉ាងណាក៏ដោយ បុគ្គលខាងក្រោមត្រូវបានគេមើលឃើញថា មានឥទ្ធិពល បទពិសោធន៍ និងបណ្តាញគាំទ្រគ្រប់គ្រាន់ ដើម្បីក្លាយជាគូប្រជែងដ៏សំខាន់។

១. Aleksander Ceferin – ប្រធាន UEFA
Aleksander Čeferin គឺជាបេក្ខជនដែលត្រូវបានគេចាត់ទុកថា មានឱកាសខ្ពស់បំផុតពីទ្វីបអឺរ៉ុប។ មេធាវីសញ្ជាតិស្លូវេនីរូបនេះ បានកាន់តំណែងជាប្រធាន UEFA តាំងពីឆ្នាំ២០១៦ និងត្រូវបានបោះឆ្នោតជាប់ដោយគ្មានគូប្រជែងនៅឆ្នាំ២០២៣ សម្រាប់អាណត្តិរហូតដល់ឆ្នាំ២០២៧។
ក្រោមការដឹកនាំរបស់លោក UEFA ទទួលបានកំណើនផ្នែកពាណិជ្ជកម្ម និងការកែលម្អអភិបាលកិច្ច ហើយថ្មីៗនេះក៏បានដឹកនាំការប្រឆាំងនឹងគម្រោងរបស់ FIFA ក្នុងការលក់ភាគហ៊ុននៃការប្រកួត World Cup ដែលធ្វើឱ្យឥទ្ធិពលរបស់លោកកាន់តែរឹងមាំ។

២. Victor Montagliani – ប្រធាន CONCACAF
Victor Montagliani ប្រធានសហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងជើង កណ្ដាល និងការ៉ាអ៊ីប (CONCACAF) ក៏ជាអនុប្រធាន FIFA ផងដែរ។
លោកបានដឹកនាំ CONCACAF តាំងពីឆ្នាំ២០១៦ ក្រោមគោលនយោបាយ "One CONCACAF" ដើម្បីបង្រួបបង្រួមសមាជិកទាំង ៤១ ប្រទេស និងមានតួនាទីសំខាន់ក្នុងការជំរុញឱ្យការដេញថ្លៃរួមរបស់ កាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក ទទួលសិទ្ធិរៀបចំ World Cup 2026។
បទពិសោធន៍ក្នុងការគ្រប់គ្រងគម្រោងធំៗ និងទំនាក់ទំនងជាមួយ FIFA អាចធ្វើឱ្យលោកក្លាយជាបេក្ខជនដ៏មានសក្តានុពល។

៣. Salman bin Ibrahim Al Khalifa – ប្រធាន AFC
Sheikh Salman bin Ibrahim Al Khalifa ប្រធានសហព័ន្ធបាល់ទាត់អាស៊ី AFC គឺជាអ្នកដឹកនាំដែលមានបទពិសោធន៍យូរឆ្នាំបំផុតម្នាក់ក្នុងពិភពបាល់ទាត់។
លោកបានកាន់តំណែងជាប្រធាន AFC តាំងពីឆ្នាំ២០១៣ និងធ្លាប់ធ្វើជាអនុប្រធានជាន់ខ្ពស់ FIFA។ កាលពីឆ្នាំ២០១៦ លោកធ្លាប់ឈរឈ្មោះប្រជែងតំណែងប្រធាន FIFA ជាមួយ Infantino ដោយទទួលបាន ៨៨ សំឡេងឆ្នោត ប៉ុន្តែមិនអាចយកឈ្នះបាន។
ជាមួយនឹងការគាំទ្រពីសមាគមបាល់ទាត់នៅទ្វីបអាស៊ី និងបទពិសោធន៍ជាច្រើនក្នុង FIFA លោកនៅតែជាបេក្ខជនដែលមិនអាចមើលរំលងបាន ប្រសិនបើសម្រេចចិត្តឈរឈ្មោះម្តងទៀត។

៤. Nasser Al-Khelaifi – ប្រធានក្លិប Paris Saint-Germain
Nasser Al-Khelaifi ប្រធានក្លិប Paris Saint-Germain អាចនឹងនាំមកនូវទម្រង់ដឹកនាំថ្មី ដែលផ្អែកលើបទពិសោធន៍ក្នុងបាល់ទាត់កម្រិតក្លិប ការផ្សាយ និងអាជីវកម្មកីឡា។
ក្រោមការដឹកនាំរបស់លោក PSG បានឈ្នះជើងឯកលីគបារាំង ១២ លើកក្នុងរយៈពេល ១៤ រដូវកាល និងក្លាយជាក្លិបដែលមានឥទ្ធិពលលើឆាកអន្តរជាតិ។
ទោះជាយ៉ាងណា ការប្រកួតប្រជែងតំណែងប្រធាន FIFA តម្រូវឱ្យទទួលបានការគាំទ្រពីសមាគមបាល់ទាត់ជាតិ មិនមែនពីក្លិបនានានោះទេ។

៥. Lise Klaveness – ប្រធានសហព័ន្ធបាល់ទាត់ន័រវែស
Lise Klaveness ប្រធានសហព័ន្ធបាល់ទាត់ន័រវែស និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ត្រូវបានគេចាត់ទុកថា ជាបេក្ខជនដែលតំណាងឱ្យការផ្លាស់ប្តូរ។
លោកស្រីបានជាប់ឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់ន័រវែសជាថ្មីនៅឆ្នាំ២០២៦ ហើយចូលជាសមាជិកគណៈកម្មាធិការប្រតិបត្តិ UEFA នៅឆ្នាំ២០២៥។
Klaveness គឺជាមនុស្សម្នាក់ដែលតែងតែរិះគន់ FIFA យ៉ាងច្បាស់លាស់ ជាពិសេសនៅសមាជ FIFA ឆ្នាំ២០២២ នៅទីក្រុងដូហា ដោយបានលើកឡើងពីបញ្ហាអភិបាលកិច្ច អំពើពុករលួយ សិទ្ធិមនុស្ស និងការការពារកម្មករចំណាកស្រុក ព្រមទាំងសិទ្ធិអ្នកគាំទ្រ LGBTQ+ ក្នុងព្រឹត្តិការណ៍ World Cup នៅកាតា។
ការបោះឆ្នោតប្រធាន FIFA ឆ្នាំ២០២៧ ត្រូវបានរំពឹងថា នឹងក្លាយជាការប្រកួតប្រជែងដ៏សំខាន់មួយ ខណៈសម្ពាធលើការដឹកនាំរបស់ Gianni Infantino កំពុងកើនឡើង។ ទោះបីមិនទាន់មានបេក្ខជនណាប្រកាសជាផ្លូវការក៏ដោយ បុគ្គលទាំងប្រាំរូបខាងលើសុទ្ធតែមានឥទ្ធិពល និងសក្តានុពលគ្រប់គ្រាន់ក្នុងការប្រជែងដណ្តើមតំណែងកំពូលរបស់ FIFA៕ អត្ថបទ៖នាង សុភាវុធ